(រតនគិរី)៖ ក្រុមការងារចុះវាស់វែងជាលក្ខណៈប្រព័ន្ធ បានសំណូមពរឲ្យប្រជាពលរដ្ឋនៅក្រុងបានលុង ខេត្តរតនគិរី ចូលរួមឲ្យបានគ្រប់ៗគ្នាចៀសវាងមានបញ្ហាទៅថ្ងៃក្រោយ ពេលពួកគាត់ត្រូវការឯកសារពាក់ព័ន្ធផ្លូវច្បាប់យកប្លង់ទៅប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ។

ប្រធានការិយាល័យភូមិបាល និងសំណង់ក្រុងបានលុង លោក ប៊ី ជីវន្តដារ៉ា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា ឲ្យក្រុមការងារលោកបានចុះវាស់វែងជាលក្ខណៈប្រព័ន្ធនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូច ពួកគាត់ហាក់មិនចូលរួមសហការជាមួយ។

លោកថា ការមិនចូលរួមរបស់ប្រជាពលរដ្ឋមួយចំនួនតូចនេះ គឺថ្ងៃក្រោយផលលំបាកធ្លាក់ទៅលើពួកគេព្រោះថា ឯកសារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធមានសារៈសំខាន់ណាស់ សម្រាប់យកទៅប្រើប្រាស់ផ្សេងៗ។

ដូច្នេះគួរតែពួកគាត់ចូលរួមទាំងអស់គ្នាហើយការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ គឺមន្ត្រីរង់ចាំបម្រើគ្រប់ពេលវេលា។ សូមឲ្យប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បំពេញឯកសារត្រឹមត្រូវ ចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងជាលក្ខណៈប្រព័ន្ធឲ្យបានគ្រប់ៗគ្នា៕