(ព្រះសីហនុ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១១៧គ្រាប់ ត្រូវបានប្រទះឃើញនៅទីតាំងការដ្ឋាន ស្ថាបនាផ្លូវលេខ១១២ (វិថីកម្មករ) ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ទាំង១១៧នេះ រួមមាន៖ គ្រាប់១០៥មីលីម៉ែត្រ ចំនួន៦៤គ្រាប់, គ្រាប់៨៥មីលីម៉ែត្រ ចំនួន៤៩គ្រាប់ និងគ្រាប់រ៉ូបកែត ចំនួន៤គ្រាប់។

លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ទាំង១១៧គ្រាប់នេះ ត្រូវបានក្រុមស្ថាបនាផ្លូវ និងដាក់លូប្រទះឃើញ នៅទីតាំងការដ្ឋាន ស្ថាបនាផ្លូវលេខ១១ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

អគ្គនាយកស៊ីម៉ាក់រូបនេះ បានឲ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ទាំង១១៧គ្រាប់នេះ ត្រូវបានក្រុមជំនាញអង្គភាពស៊ីម៉ាក់ ធ្វើការបោសសំអាតសំណល់ជាតិផ្ទុះរួចរាល់ហើយ ដើម្បីឲ្យក្រុមវិស្វកម្មអាច បន្តការសាងសង់ទៅមុខទៀត ដោយសុវត្ថិភាព៕