(កណ្ដាល)៖ សាលារៀនអន្តរជាតិផារ៉ាហ្គន តាមរយៈសមាគមអតីតសិស្សផារ៉ាហ្គន បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមប្រធានបទ «ការចូលរួមបរិច្ចាគ និងជួយសម្រួលការលំបាក» ដោយបាននាំយកអំណាយជាង២០០ប្រអប់ ដែលរួមមានគ្រឿងឧបភោគ និងគ្រឿងបរិភោគ ចុះចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៨៨គ្រួសារ នៅឃុំព្រែកដំបង ខេត្តកណ្ដាល ដែលជួបការលំបាក ដោយសារវីរុសកូវីដ១៩។

ពិធីចុះចែកអំណោយនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកស្រី ដឹប អេង អភិបាលរងស្រុកមុខកំពូល ខេត្តកណ្ដាល និងលោកស្រី ឃុនសុខេម មេឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រួមទាំងអតីតសិស្សសាលាអន្តរជាតិផារ៉ាហ្គន ជាច្រើននាក់ផងដែរ។

បើតាមលោក Winston Churchill បានឱ្យដឹងថា «យើងចិញ្ចឹមខ្លួនយើងបានតាមរយៈអ្វីដែលយើងមាន ហើយយើងអាចជួយសង្គ្រោះជីវិតអ្នកដទៃបាន តាមរយៈអ្វីដែលយើង បរិច្ចាគ ឱ្យពួកគាត់»

នៅក្នុងឱកាសនោះដែរតំណាងសាលារៀនអន្តរជាតិផារ៉ាហ្គន ក៏បានថ្លែងអំណរគុណដល់ Paragon Alumni Association ប្រធានក្រុមប្រឹក្សាភិបាលកត្តិយស, លោក អ៊ាង សុផល្លែត និងលោក អេង ទូច អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ដែលបានចូលរួមនិងបរិច្ចាគថវិកានៅក្នុងកម្មវិធីនេះផងដែរ៕