(ភ្នំពេញ)៖ យុវជនម្នាក់ដែលក្លែងបន្លំស្លៀកឯកសណ្ឋានអាវុធហត្ថពាក់ស័ក្តិ២ និងពាក់មួកបញ្ជាការដ្ឋានកងអង្គរក្ស ហើយត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១២ ខែមករា នោះត្រូវបានបញ្ជូន​ខ្លួនទៅកាន់តុលាការដើម្បី​ចាត់ការតាមនីតិវិធី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជននេះធ្លាប់ជាប់គុក៦ឆ្នាំ ពីបទប្លន់ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ និងទើបតែចេញពីគុកវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ការចាប់ខ្លួននេះធ្វើឡើង​បន្ទាប់​ពីជនម្នាក់នេះ បានទៅដើរទារប្រាក់ពីអ្នកចែកចាយ និងជក់គ្រឿងញៀន នៅម្តុំភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ហើយជិះម៉ូតូទៅបង្កគ្រោះថ្នាក់ចរាចរជាមួយរថយន្ត Lexus 570 មួយគ្រឿង នៅចំណុច ផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ តាមចម្លើយសារភាពរបស់យុវជន​ខាងលើនេះបានឲ្យដឹងថា រូបគេមានឈ្មោះ ហុង រិទ្ធ ហៅ ហ៊ុន រិទ្ធ អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កន្លងមកមុនឆ្នាំ២០០៩រូបគេ ធ្លាប់ក្លែងបន្លំជាអាវុធហត្ថដើរគំរាមជម្រិតទារប្រាក់ និងប្លន់ប្រជាពលរដ្ឋជាច្រើន លើកច្រើនសារ រួចមកហើយ ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ ម្តងរួចមកហើយដែរតាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០០៩ និងត្រូវបានតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទប្លន់។ បន្ទាប់ពីចេញពីគុក នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ រូបគេមិនមានមុខរបរអ្វីជាក់លាក់ ក៏ទៅទិញឯកសណ្ឋាន​អាវុធហត្ថ​ពីផ្សារទឹកថ្លា បន្លំជាអាវុធហត្ថពាក់ស័ក្តិ២ដើរ គម្រាមជំរិតទារប្រាក់ពីប្រជាពលរដ្ឋទៀត ពិសេស បានទៅគម្រាមយកប្រាក់ពីពួកលក់ និងជក់គ្រឿងញៀន នៅម្តុំមុខពេទ្យលោកសង្ឃ​ជាញឹកញាប់​ស្ទើររាល់ថ្ងៃ។ រហូតដល់យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានដើរយកប្រាក់ពីអ្នកលក់ និងជក់គ្រឿងញៀននៅម្តុំត្រពាំងឈូក មុខពេទ្យលោកសង្ឃដូចរាល់ដងរួច រូបគេបានជិះ​ម៉ូតូទៅប៉ះជាមួយឡានLexus 570 មួយគ្រឿង នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគ។ ពេលមានប៉ូលីសប៉ុស្តិ៍ផ្សារដើមគរ ទៅអន្តរាគមន៍រូបគេ បានជិះម៉ូតូឌុបទៅផ្ទះ ប្តូរឯកសណ្ឋានជាអាវុធ​ហត្ថ​ក្លែងក្លាយ ត្រឡប់មកកន្លែងកើតហេតុ ធ្វើការគំរាមកំហែងដល់ភាគីម្ចាស់ឡាន និងសមត្ថកិច្ច ទៅទីនោះដោយនិយាយគ្នាមិនត្រូវ ក៏បាននាំគ្នាទៅសម្របសម្រួលនៅ ប៉ុស្តិ៍​នគរបាលផ្សារដើមគរ រហូតដល់កម្លាំងអាវុធហត្ថ ខណ្ឌទួលគោកទៅដល់ មើលដឹងថា រូបគេជាអាវុធហត្ថក្លែងក្លាយ ក៏ចាប់បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕