(ភ្នំពេញ)៖ ទូរស័ព្ទម៉ាក iPhone ចំនួន២គ្រឿងរបស់ជនរងគ្រោះ២នាក់ ត្រូវបានជន សង្ស័យម្នាក់ លួចយកទៅលក់លេងល្បែងចាញ់អស់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦ ហើយបន្ទាប់មក ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចច្រកចូលផ្សារគីឡូម៉ែត្រលេខ៩ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ ជនត្រូវឃាត់ខ្លួនឈ្មោះសឹប យាន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុ។

រីឯជនរងគ្រោះទី១ ឈ្មោះ យ៉ា គ្រីយ៉ា អាយុ២២ឆ្នាំ មានមុខរបរជាកម្មករសំណង់ទី២ ឈ្មោះសា រ៉សេត អាយុ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ រងគ្រោះទាំងពីនាក់ ស្នាក់នៅ ក្បែរចំណុចកើតហេតុ។ មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ទូរស័ព្ទដៃចំនួន២គ្រឿង ត្រូវជនសង្ស័យលួចយកទៅលក់លេងល្បែងចាញ់អស់ គេចខ្លួនបាត់លុះមកដល់រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៦ ត្រូវជនរងគ្រោះប្រទះឃើញ ជនសង្ស័យនៅក្បែរផ្សារគីឡូម៉ែត្រលេខ៩ ក៏ប្រាប់នគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ឲ្យឃាត់ខ្លួនយកមកសាកសួរតែម្ដងទៅ។

បច្ចុប្បន្នជនត្រូវជាប់សង្ស័យលួចទូរស័ព្ទដៃ២គ្រឿង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕