(មីយ៉ាន់ម៉ា)៖ ប្រធានបក្សប្រឆាំងមីយ៉ាន់ម៉ា (ភូមា) ដែលទើបឈ្នះឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី បានស្នើឲ្យមានក្រុមឧទ្ទាមផ្តាច់ខ្លួនបន្ថែមទៀត គួរចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាព ហើយខិតខំប្រឹងប្រែងក្នុងការបញ្ចប់ជម្លោះ ដោយមិនគួរបែកចែកបក្ខពួក ដែលពាក់ព័ន្ធនឹងកិច្ចចរចា ហើយ​មិនចូលរួមក្នុងដំណើរការកិច្ចចរចានោះទេ នេះបើតាមព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

មនុស្សរាប់រយនាក់ តំណែងឲ្យក្រុមឧទ្ទាម , យោធា និងសមាជិកសភា បានប្រមូលផ្តុំគ្នា នៅរដ្ឋធានី Naypyitaw សម្រាប់កិច្ចចរចាដំណាក់កាលទី២ ក្នុងគោលបំណងបញ្ចប់ភាពច្របូលច្របល់ ដែលបានអូសបន្លាយពេលជាច្រើនទសវត្សនៅក្នុងប្រទេស។ រដ្ឋាភិបាលពាក់កណ្តាលស៊ីវិល ដែលជិតចប់អាណត្តិរបស់លោក ប្រធានាធិបតី Thein Sein បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា នៅក្នុងខែតុលាឆ្នាំ២០១៥កន្លងទៅ ប៉ុន្តែក្រុមឧទ្ទាម៧ក្រុម ក្នុងចំណោម១៥ក្រុម ដែលត្រូវបានអញ្ជើញចូលរួម បានបដិសេធក្នុងការចុះហត្ថលេខា ក្នុងនោះរួមទាំងក្រុមដែលមានអំណាចខ្លាំងផងដែរ។
ចាប់តាំងពីមានការចុះហត្ថលេខា ការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងក្រុមយោធា និងក្រុមឧទ្ទាម ដែលមិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយក្រុមឧទ្ទាមមិនបានចូលរួម នៅក្នុងកិច្ចចរចានោះទេ។ ភាពស្មុគស្មាញបន្ថែមទៀត ត្រូវបានកើតឡើង បណ្តាលឲ្យមានភាពលំបាក ក្នុងការសម្រេចបានសន្តិភាពជានិរន្តភាព។

គួរជម្រាបថា ក្រុមឧទ្ទាមជនជាតិភាគតិច បានប្រយុទ្ធប្រឆាំងនឹង រដ្ឋាភិបាលកណ្តាល សម្រាប់ការបង្កើន​សិទ្ធិនិងសេរីភាពបុគ្គលក ចាប់តាំងពីភ្លាមៗបន្ទាប់ពីមីយ៉ាន់ម៉ា ទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ១៩៤៨៕