(មណ្ឌលគិរី)៖​ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ ដល់បងប្អូនប្រជាសហគមន៍ នៅស្រុកពេជ្រាដា ដែលពួកគាត់មាន ទឹកចិត្តក្លាហានបាននាំគ្នាស្ទាក់ឃាត់ ចាប់គោយន្ត របស់ជនជាតិវៀតណាម ចូលមកដឹកឈើ នៅក្នុងតំបន់ដែនជំរកសត្វព្រៃភ្នំណាំលៀរ រួមនិងវត្ថុតាងជាច្រើនទៀត បញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅដើមឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថាបងប្អូនសហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រាក្នុងស្រុកពេជ្រាដា ពួកគាត់លែងមានជំនឿ ទៅលើការគ្រប់គ្រងរបស់មន្រ្តី ដែលការពារព្រៃឈើ ដែនជំរកសត្វព្រៃភ្នំណាំលៀរ ទៀតហើយព្រោះជាញឹកញាប់ពួកគាត់ មិនដែលឃើញមានមន្រ្តីគ្រប់គ្រងដែននេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើស ដែលបានកើតឡើងក្នុងដែន របស់ខ្លួននោះឡើយ។ នៅពេលដែលពួកគាត់ដើរល្បាតម្តងៗ តែងតែឃើញក្រុមអ្នកកាប់អារ រំលំឈើនៅក្នុងដែនជំរកសត្វព្រៃ ខាងលើនេះ យ៉ាងអនាធិបតេយ្យ ហើយភាគច្រើនគឺសុទ្ធតែជនជាតិវៀតណាម ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់ ពីមន្រ្តីជំនាញឡើយ។

បងប្អូនសហគមន៍ទាំងអស់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួយចាត់ចែងមន្រ្តីជំនាញ មកពីថ្នាក់លើឱ្យពិនិត្យមើល រាល់ការកើតមានបទល្មើស នៅក្នុងដែនព្រៃការពាររបស់រដ្ឋ ដែលមានទំហំផ្ទៃដីលាតសន្ធឹង ប្រមាណជា៥ម៉ឺនហិកតានេះផង បើពុំដូចនេះទេព្រៃឈើនេះអាចរិចរិលហិនហោច អស់មិនខាន ដោយសារលោក រ័ត្ន សុវណ្ណ នាយកគ្រប់គ្រងដែនជំរកសត្វព្រៃភ្នំណាំលៀរ គ្មានសមត្ថភាព ក្នុងការគ្រប់គ្រងរួមទាំងមន្ទីរបរិស្ថានខេត្ត ដែលជាអ្នកគ្រប់គ្រងផ្ទាល់ នៃដែនជំរកដ៍សំខាន់នេះ ផងដែរ។

សហគមន៍បានធ្វើការរិៈគន់ចំៗថាមេៗ មន្ទីរបរិស្ថានក៏អស់សមត្ថភាព ក្នុងការបង្រ្កាបបទល្មើសដែលបានកើតឡើង​ នៅទីនោះ ដែលព្រោះបច្ចុប្បន្ននេះ មន្រ្តីបំរើការនៅមន្ទីរបរិស្ថាន និងមន្រ្តីបំរើការនៅក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរ ភាគច្រើន ត្រូវជាបងប្អូនបក្ខពួកចាត់តាំងឡើង គ្រាន់តែទៅរកផលប្រយោជន៍ យកមកចែកគ្នាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែ០១ ឆ្នាំ២០១៦ នៅស្រុកអូររាំង ក្នុងដីព្រៃដែនជំរកសត្វព្រៃភ្នំណាំលៀរ សហគមន៍ការពារព្រៃឈើ បានឃាត់ចាប់គោយន្តដឹកឈើ ចំនួន០២គ្រឿង​ រណាយន្តចំនួន០៤គ្រឿង ម៉ូតូ១គ្រឿង រួមទាំងឈើហ៊ុបមូលមួយចំនួនធំ ត្រូវបានសហគមន៍បញ្ជូនមកកាន់ជំនាញ រដ្ឋបាលព្រៃឈើខេត្ត និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ទាក់ទងករណីនេះលោក រ័ត្ន សុវណ្ណ នាយកដែនដែនជំរកសត្វព្រៃភ្នំណាំលៀរ លោកបានប្រាប់ថាគោយន្ត និងវត្ថុតាង ដែលសហគមន៍ឃាត់ចាប់នោះ គឺនៅក្នុងដីរដ្ឋបាលព្រៃឈើ។ មន្រ្តីរដ្ឋបាលព្រៃឈើ បាននិយាយតបថានេះ គឺជារឿងឆ្លើយដាក់គេដាក់ឯង តែប៉ុណ្ណោះ៕