(ប៉ៃលិន)​៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅលើស្ពានថ្មបង្ក ឡើងដោយរថយន្តយីឌុបសណ្តោងរ៉ឺម៉កជនជាតិថៃ រេចង្កូត ទៅបុករថយន្តម៉ាក ហ៊ីយិនដាយរបស់ជនជាតិខ្មែរ យ៉ាងពេញទំហឹង ដែលដឹកពោតពេញទ្រុង ក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនន ៣នាក់ និងឱ្យកកស្ទះចរាចរណ៍អស់រយៈពេលជាង២ម៉ោង ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក ខេត្តប៉ៃលិន អូសរថយន្តទាំងពីរគ្រឿងចេញពីផ្លូវ ។ 

ហេតុការណ៍នេះ ពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ប្រភពព័ត៌មាន​ពីសមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ សេង ពេជ្រគីរី ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់កៀបជាប់នឹងរថយន្ត ជាអ្នកបើកបររថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-9139 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងអ្នករួមដំណើរ ឈ្មោះ សេង ពេជ្រពង្ស ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល ជាបងប្អូនបង្កើតនឹងគ្នា ទាំងពីរនាក់រស់នៅ ភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះបង្កហេតុ មិនស្គាល់អត្តសញ្ញាណជាជនជាតិថៃរងរបួសស្រាល ដោយបើកបររថយន្តយីឌុបសណ្តោងរ៉ឺម៉កម៉ាកហ៊ីណូ ពណ៌ខៀវ លាយលឿង រងការខូចខាតស្រាល។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយិនដាយរបស់ជនរងគ្រោះខាងលើ បានដឹកពោត ពេញទ្រុង បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្ពានថ្មមួយ ស្រាប់តែរថយន្តយីឌុបថៃម៉ាកហ៊ីណូ បើកបរក្នុងទិសដៅច្រាសគ្នាពីលិចទៅកើត ហើយនៅត្រង់ចំណុចផ្លូវកោងនេះ ស្រាប់តែរថយន្តជនជាតិថៃរេចង្កូតទៅខាងឆ្វេងដៃ បណ្តាលឱ្យជ្រុលទៅ បុករថយន្តជនរងគ្រោះយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ហើយរថយន្តថៃក៏បានវិលបែរក្បាលមកទិសខាងវិញ ។ ប្រភពបន្តទៀតថា ក្រោយពេលគាស់ ជនរងគ្រោះម្នាក់ចេញពីរថយន្ត និងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងបីនាក់ រួចមកសមត្ថកិច្ចក៏ធ្វើការវាស់វែងរួច យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។

ដោយឡែកជនរងគ្រោះ ដែលរបួសធ្ងន់ត្រូវគេបញ្ជូនតាមរថយន្តសាមុយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕