(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ នៅសាលប្រជុំ ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពី របាយការណ៍ប្រចាំខែមករា និងលើកទិសដៅ ខែកុម្ភះ ឆ្នាំ២០១៦ និងធ្វើការផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីផងដែរ។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធ ខេត្តបន្ទាយមានជ័យ មេបញ្ជាការរង និងនាយ នាយរង ពលអាវុធហត្ថជាច្រើននាក់ទៀត។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានលើកយកអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ៣ចំណុចយកមកផ្សព្វផ្សាយដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដើម្បីយកទៅអនុវត្តន៍បន្ថែមទៀត។

ចំណុចសំខាន់ៗ ទី១ពាក់ព័ន្ធនឹងច្បាប់ចរាចរចណ៍ផ្លូវគោកថ្មី និងផ្ទេរកម្មសិទ្ធអចលនទ្រព្យ ទី២/អាវុធហត្ថទាំងអស់ ត្រូវការពាររដ្ឋាភិបាល ស្របច្បាប់ ទី៣/ ពាក់ព័ន្ធក្នុងការប្រើប្រាស់ហ្វេសប៊ុក ត្រូវប្រើឲ្យ មានប្រយោជន៍ដល់សង្គមជាតិ អង្គភាព ក៏ដូចខ្លួនឯងផ្ទាល់ផង។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថា ចំណុចទី១ ការបង្កើតគណៈកម្មាធិការជាតិ ចរាចរណ៍ផ្លូវគោកថ្មី ធ្វើឡើងក្នុងគោលបំណង ប្រមូលកំលាំង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ កិច្ចសហការណ៍សម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជម្រុញការអនុវត្តគោលនយោបាយជាតិស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពសំដៅ បង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិបរិមា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងបង្ការ ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ បរិស្ថានដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍និងការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ជាដើម។ ចំណុចទី២ អាវុធហត្ថ និងសមត្ថកិច្ចទាំងអស់ត្រូវការពារ រាជរដ្ឋាភិបាលស្របច្បាប់ ៣/អាវុធហត្ថក្តី នគរបាលក្តី ប្រជាពលរដ្ឋក្តី ត្រូវចេះលេងហ្វេសប៊ុក ឲ្យ មានប្រយោជន៍ដល់សង្គមជាតិ អង្គភាព និងខ្លួនឯងផងដែរ៕