(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសគូវ៉ែត នៅថ្ងៃនេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺឆ្លងកូវីដ១៩ ខណៈអាជ្ញាធរនៃប្រទេសអារ៉ាប់មួយនេះ សម្រេចដាក់ចេញនូវវិធានការបិទទ្វារប្រទេសទាំងមូល ២៤ម៉ោងលើ២៤ម៉ោង សម្រាប់រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០តទៅ។

តាមរយៈសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគូវ៉ែត បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតខ្មែរទាំងអស់ ដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសនេះ យ៉ាងដូច្នេះថា៖ «នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋាភិបាលគូវ៉ែត បានសម្រេចចេញនូវសេចក្តីប្រកាសបិទប្រទេសទាំងស្រុងរយៈពេល ២៤ម៉ោងលើ២៤ម៉ោង គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយសារការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ នៅទូទាំងប្រទេសមានការកើនឡើងច្រើន»

ទាក់ទិននឹងសេចក្តីសម្រេចខាងលើនេះ ស្ថានទូតខ្មែរប្រចាំប្រទេសគូវ៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស-និស្សិតខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសគូវ៉ែត ឲ្យចូលរួមសហការជាមួយអាជ្ញាធរឲ្យបានល្អ ព្រមទាំងបានក្រើនរំលឹកដល់ពួកគេ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះឆ្លងដ៏កាចសាហាវមួយនេះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ប្រទេសគូវ៉ែតដែលមានប្រជាជនសរុបមិនដល់ ៤លាននាក់ផងនោះ បានកត់ត្រាចំនួនអ្នកឆ្លងនៃជំងឺ កូវីដ១៩ ចំនួន ៧,៦២៣ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៤៩នាក់ បានស្លាប់ និង ២,៦២២ នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ៕