(បន្ទាយមានជ័យ)៖ លោក ប៉ាល់ សំអឿន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំបង្កើន ការងារបង្កបង្កើនផលកសិកម្ម គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ កំលុងពេលកម្ពុជា និងពិភពលោកទាំងមូលកំពុងមានវិបត្តិកូវីដ១៩។

ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅសប្តាហ៍នេះ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានបន្ថែមថា៖ «សូមផ្តាំផ្ញើដល់ដល់ពលរដ្ឋ ត្រូវហូបចុកឲ្យមានអនាម័យល្អ លាងដែនឹងសាប៊ូ ឬជែលឲ្យបានញឹកញាប់ ហើយស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីប្រទេសយើងពុំទាន់មានអ្នកឆ្លងជំងឺកូវីដថ្មី ថែមទៀតក៏ដោយ»

លោក ប៉ាល់ សំអឿន បានលើកឡើងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ៥០គ្រួសារ ដែលមានជីវភាពខ្វះខាត លោកបាននាំយកអំណោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះជួយខេត្តបន្ទាយមានជ័យ។ លោកថ្លែងថា ទោះបីជាអំណោយទាំងនេះបន្តិចបន្តួចក៏ពិតមែន តែវាជាទឹកចិត្តអាចដោះស្រាយក្នុងជីវភាពគ្រួសារបានមួយរយៈ ហើយអាជ្ញាធរនឹងបន្តយកមកចែកជូនប្រជាពលរដ្ឋ នៅថ្ងៃក្រោយៗទៀត។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន កំពុងមានការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ។

រយៈពេល២៨ថ្ងៃមកហើយ ក្រោមវិធានការនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយនោះដែរ។ អាជ្ញាធរ នៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងទេ ហើយវាអាចមានរលកទី២៕