(ត្បូងឃ្មុំ)៖ ក្នុងឱកាសរៀបចំចង្ហាន់ប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ គង់នៅវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ នាឱកាសបុណ្យគម្រប់៧ថ្ងៃ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារ បានចែកអំណោយជាសម្ភារសិក្សា ជូនដល់សិស្សានុសិស្សចំនួន ៧៥០នាក់ នៅវិទ្យាល័យអម្ពវ័ន ជំនីក។

ពិធីចែកអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះសិស្សម្នាក់ៗ ទទួលបាន កាតាប១ សម្លៀកបំពាក់ សិស្ស ១កំប្លេ ស្បែក ជើង ១គូ ក្តាឈ្នួន១ ប៊ិច ១ និងសៀវភៅ ១ក្បាល។

លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ការធ្វើសកម្មភាពមនុស្សធម៌នេះ ដោយឃើញសិស្សានុសិស្សជាច្រើននៅវិទ្យាល័យអម្ពវ័ន ជំនីក មកជួបជុំគ្នា។ លោកស្រីក៏បានឲ្យក្រុមការងាររៀបចំសម្ភារសិក្សាចែកដល់សិស្សទាំងនោះ សម្រាប់ការផ្គត់ផ្គង់ក្នុងការសិក្សា។ សកម្មភាពមនុស្សធម៌នេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ។

លោកស្រីបន្តបានថា កាលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅមានព្រះជន្ម លោកតែងតែមានទឹកចិត្តសទ្ធាជ្រះថ្លាធ្វើបុណ្យទានទ្រទ្រង់ក្នុងវិស័យសាសនា និងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងនោះ គឺមានមូលនិធិអណ្ដូងទឹកស្អាតជាដើម។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌នេះ លោកហ៊ុន ម៉ាណែត ដែលជាបុត្រប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏បានសាងព្រះផ្នួសជាបុព្វជិតដោយសទ្ធាជ្រះថ្លាបំផុត នៅក្នុងវិស័យសាសនាដោយមានការគោរពប្រតិបត្តិពីសំណាក់ប្រជាពលរដ្ឋជាច្រើន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាដិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជនដែលបានធ្វើមរណកាលទៅផងដែរ៕