(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលើកពេលផាកពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ» ដោយការផ្សព្វផ្សាយនេះ នាំឲ្យអ្នកប្រើប្រាស់ផ្លូវមានការភាន់ច្រឡំចំពោះចំណាត់ការរបស់សមត្ថកិច្ច។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ឃ្លឹបសារសំឡេងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបានចែកចាយនេះ គឺជាសំឡេងចាស់ទាំងពីឆ្នាំ២០១៥ ដែលនាយឧត្តមសេនីយ៍ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ជាថ្មីម្ដងទៀតថា បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងតែអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ ដោយបាននិងកំពុងត្រួតពិនិត្យ និងផាកពិន័យលើប្រភេទបទល្មើសអាទិភាព ចំពោះទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ចំនួន០៧ចំណុច និងរថយន្ដចំនួន០៩ចំណុច ដែលក្នុងនោះមានការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានបណ្ណបើកបរយានយន្ដផងដែរ។

ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំបានប្រកាស ឬដាក់ចេញនូវគោលការណ៍ពន្យារ ឬលើកពេលក្នុងការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានបណ្ណបើកបរនោះទេ ហើយកិច្ចការនេះ ត្រូវបាននិងកំពុងបន្ដចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត៕