(កំពង់ស្ពឺ)៖ បុរសម្នាក់ដែលបានធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិ បានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរកាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្រោយពេលដែលម្ចាស់ម៉ូតូ និងអ្នកភូមិ នាំគ្នាដេញប្រផាប់ចាប់ប្រភីងតាមដងផ្លូវ។

យោងតាមមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ចោរម្នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចភូមិឈូកស ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី។ ម្ចាស់ម៉ូតូឈ្មោះ ប៉ែន សាក់ទីម៉ា ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិឈូកសរ ឃុំព្រៃញាតិ ស្រុកគងពិសី ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GN-3085 ដែលលោកចោរបានលួចនៅចំណុចកើតហេតុខាងលើ។

មន្ត្រីមូលដ្ឋាន បានឲ្យដឹងទៀតថា មុនធ្វើសកម្មភាព នៅវេលាម៉ោងប្រហែលម៉ោង១៣៖ ០០នាទី កូនរបស់ជនរងគ្រោះ បានជិះម៉ូតូចតទុកនៅខាងលិច ផ្ទះលក់ដូររបស់ខ្លួន ដោយមិនបានដកសោរចេញពីម៉ូតូទេ។ លុះដល់ម៉ោង១៥៖៣០នាទី ក៏ស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក មកឈប់ក្បែរម៉ូតូរបស់ខ្លួន រួចបានធ្វើសកម្មភាពលួចយកម៉ូតូ ដែលចតទុកខាងលើបម្រុងជិះគេចខ្លួន តែជាអកុសលត្រូវបានម្ចាស់ក្រឡេកភ្នែកឃើញទាន់ ដោយឃើញជនសង្ស័យ ជិះទៅទិសខាងលិចលើខ្នងទំនប់អូត្រែង។

ភ្លាមៗម្ចាស់ម៉ូតូបានសែ្រកឆោឡោ ឲ្យប្រជាពលរដ្ឋជួយដេញស្ទាក់ចាប់តាមផ្លូវ។ ស្របពេលនោះ មានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋក្នុងភូមិដេញប្រកៀកប្រកិត នៅម្តុំចំណុចកើតហេតុខាងលើ ធ្វើឲ្យជនសង្ស័យដួលម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែកបក្ខពួកខ្លួនម្នាក់ទៀត បានជិះគេចខ្លួនទៅទិសខាងកើតបាត់ទៅ។

ដោយសាររបួសធ្ងន់ ជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ ជាមួយគ្នានោះដែរ សមត្ថកិច្ច ក៏បានហៅរថយន្តសង្រ្គោះដឹកចោរទៅមន្ទីពេទ្យស្រុកគងពិសី ហើយករណីត្រូវបានប៉ូលីសបានការពារដោយប្រុងប្រយ័ត្ន និងក៏សាងសំណុំរឿងបន្តតាមច្បាប់ផងដែរ៕