(កែប)៖ ដោយក្តីអាណិតអាសូរ និងទឹកចិត្តសណ្តុះចំពោះកុមារគ្មានទីពឹងនោះ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមួយចំនួនជូនដល់កុមារកំព្រា នៅមណ្ឌលបុរីកុមារខេត្តកែប (ASPECA) ស្ថិតនៅក្នុងខេត្តកែប។

ក្នុងពិធីនេះ លោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប អមដោយមន្ត្រីខេត្តមួយចំនួនអញ្ជើញចូលរួមផងដែរ។ លោកស្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា។

លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការឧបត្ថម្ភនេះជាផ្នែកមួយនៃការចូលរួមទ្រទ្រង់ដល់កិច្ចដំណើរការ ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់បុគ្គលិកស្ម័គ្រចិត្ត និងកុមារកំព្រាដែលកំពុងបំពេញភារកិច្ច និងស្នាក់នៅក្នុងមណ្ឌលបុរីកុមារខេត្តកែប។ លោកស្រីបន្តថា នេះជាពេលវេលាដ៏សមស្របដែលមណ្ឌលកុមារកំព្រាកំពុងជួបការខ្វះខាតក្នុងស្ថានការណ៍ដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។

លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។ បើទោះបីជាពុំមានអ្នកឆ្លងថ្មីក្តី តែជំងឺនេះកំពុងតែរាតត្បាត និងយាយីដល់សុខភាព និងអាយុជីវិតមនុស្សក្នុងអត្រាគួរឱ្យព្រួយបារម្ភតាមបណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ លោក គុណ ញឹម បានរំលឹកដល់កុមារកំព្រា និងបុគ្គលិកទាំងអស់ក្នុងមណ្ឌល ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យផ្ទាល់ខ្លួននានា ដែលបានណែនាំដោយក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក។

សូមបញ្ជាក់ថា អំណោយដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំមកជូនមណ្ឌលបុរីកុមារខេត្តកែបនាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារចំនួន ៥០ រូប នាយកគ្រប់គ្រង និងបុគ្គលិកបម្រើការក្នុងមណ្ឌលបុរីកុមារខេត្តកែបចំនួន ៨រូប។ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសម្អាត និងថែរក្សាអនាម័យ រួមមានដូចជា អង្ករ ២០បាវ, មី ២កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកស៊ីអ៉ីវ ៥យួរ, ភេសជ្ជៈ ១៥កេស, ទឹកដោះគោស្រស់ ៥កេស, ទឹកដោះគោខាប់ ២កេស, ទឹកសុទ្ធ ៣០យួរ, សាប៊ូដុំលាងដៃ ១កេស, ក្រម៉ា៧០, អាល់កុល ២កាន (ស្មើនឹង ៦០ លីត្រ), ម៉ាស់ ៥០០បន្ទះ, ប្រដាប់វាស់សីតុណ្ហភាព ១គ្រឿង, សម្ភារសិក្សា ព្រមទាំងថវិកាមួយចំនួនផងដែរ។

លើសពីនេះ ក៏មានអំណោយសម្រាប់រដ្ឋបាលខេត្តកែប ចែកជូនបន្តដល់មន្ទីរពេទ្យបង្អែកខេត្តកែបនូវអាល់កុល ៤កាន, សម្លៀកបំពាក់ការពារមេរោគ ២០ សម្រាប់ និងស្រោមដៃពេទ្យ២០គូ, ឧបករណ៍វាស់កម្តៅ ០២គ្រឿង និងម៉ាស់ ២៥០០បន្ទះ និងឧបត្ថម្ភជាទឹកប្រាក់ចំនួន ២០លានរៀលដល់កាកបាទក្រហមខេត្តកែបផងដែរ៕