(ភ្នំពេញ)៖ លេខ Hotline 117 ដែលត្រូវអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ឱ្យដំណើរការឡើងវិញនាពេលថ្មីៗនេះ ប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានបានគ្រប់រឿងទាំងអស់ឱ្យតែពាក់ព័ន្ធកិច្ចការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ឬសុំជំនួយផ្នែកសន្ដិសុខ។ លេខ Hotline 117 អាចទាក់ទងបាន ២៤ម៉ោង។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោយអនុវត្តបានជាង១សប្ដាហ៍ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់បែបនេះថា «Hotline 117 មិនមែនប្រើត្រឹមតែការងារចរាចរណ៍ផ្លូវគោកទេ គឺយើងប្រើគ្រប់ព័ត៌មានទាំងអស់ ពាក់ព័ន្ធជាមួយសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមទាំងគ្រោះអគ្គិភ័យ, ចោរឆក់, ចោរលួចជាដើម ឬក៏ករណីសំណូមពរឲ្យសមត្ថកិច្ចជួយសង្គ្រោះអីផ្សេងៗទៀត គឺបានទាំងអស់»។

លោកអគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងដែរថា ពាក់ព័ន្ធការងារចរាចរណ៍ ក្រោយពេលលេខនេះដាក់ឱ្យប្រើប្រាស់ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក្រុមការងារបានទទួលព័ត៌មានចរាចរណ៍ចំនួន ២៣០ករណី ក្នុងនោះសមត្ថកិច្ចបានបំភ្លឺតបទៅវិញទាំងអស់។

ព័ត៌មានដែលប្រជាពលរដ្ឋរាយការណ៍ ឬចោទជាសំណួរមកនោះ ភាគច្រើនទៅលើបញ្ហាបណ្ណបើកបរ, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការធ្វើបណ្ណសម្គាល់យានយន្ដ។

សូមជម្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការលេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់៕