(ភ្នំពេញ)៖ មនុស្សចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកសួរនាំ និងអប់រំ បន្ទាប់ពីពួកគេបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនាំឲ្យប៉ះពាល់ដល់កិត្ដិយសកម្លាំងជាអ្នកអនុវត្តច្បាប់។ នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍រយៈពេល១សប្ដាហ៍ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានឲ្យដឹងថា មនុស្សទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មាននៅរាជធានីភ្នំពេញ០៣នាក់ និងនៅខេត្តកំពង់ស្ពឺ ២នាក់។ តែទោះជាយ៉ាងណា ពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រឌិតព័ត៌មាន។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ មាន៥នាក់ហើយដែលត្រូវបានយើង (នគរបាល) កោះហៅចូលមកដើម្បីអនុវត្តច្បាប់ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើសក្នុងបំណងបំពុលបរិយាកាសសង្គមនេះ គឺនៅភ្នំពេញ៣នាក់ ហើយនៅកំពង់ស្ពឺ២នាក់»។

បើតាមនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា ការបង្ហោះព័ត៌មានមិនពិតរឿង អនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍មួយចំនួន គឺមានអង្គការចាត់តាំងនៅក្រៅប្រទេស ដែលមានចេតនាបង្កចលាចល ក្នុងហេតុផលនយោបាយ និងប្រមាថមាក់ងាយលើមន្ដ្រីនគរបាលជាអ្នកអនុវត្តច្បាប់។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីរកបណ្ដាញក្រុមអង្គការចាត់តាំងទាំងអស់នោះ ដើម្បីធ្វើចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន សំដៅធ្វើយ៉ាងណាលើកកម្ពស់ការគោរពច្បាប់នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគិត និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿនូវរាល់ព័ត៌មានដែលបានបង្ហោះនៅតាមបណ្ដាញសង្គម Facebook ជៀសវាងការជឿព័ត៌មានមិនពិត ដែលមានចេតនាញុះញង់បង្កចលាចលក្នុងសង្គម។

គួរជម្រាបថា ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់ សរុបចំនួន ១៣,៩៦៨ករណី។ ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% និង រថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា៕