(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើដល់ប្រជាពលរដ្ឋបន្ដរួមគ្នារក្សាអនាម័យ ទោះបីជាជំងឺកូវីដ១៩ បានថមថយនៅកម្ពុជាក្ដី។

មួយវិញទៀតស្ថិតក្នុងកំឡុងរដូវក្ដៅនេះ ដើម្បីបញ្ជៀសជំងឺផ្សេងៗ ពិសេសការខ្សោះជាតិទឹកក្នុងខ្លួន លោកស្រីក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលទានទឹកឲ្យបានច្រើន និងកុំស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក។

ការអំពាវនាវបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកថវិកាបង់ថ្លៃពេទ្យ១.៨លានរៀល របស់ក្រសួងសុខាភិបាល ប្រគល់ជូនជនរងគ្រោះប្ដីប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «វិធានការការពារខ្លួន៣យ៉ាង ដែលមិនត្រូវភ្លេចរួមមាន៖ ទី១.ការរក្សាអនាម័យខ្លួន អនាម័យដៃស្អាតជាការចាំបាច់បំផុត និងកុំប៉ះពាល់លើផ្ទៃមុខ ប្រសិនបើមិនបានលាងសំអាតដៃ, ទី២.ការប្រើប្រាស់ម៉ាសការពារ ឬប្រើប្រាស់កន្សែង ឬក្រមា និងទី៣.ការរក្សាគំលាតសង្គម និងគំលាតសុវត្ថិភាពបុគ្គល១ម៉ែត្រកន្លះឡើងលើ មានន័យថា មិនត្រូវប្រមូលផ្ដុំគ្នាច្រើនកុះករនោះទេ ប៉ុន្ដែបើជាការចាំបាច់ខានមិនបានត្រូវតែចូលរួម ត្រូវប្រើប្រាស់ម៉ាសជាចាំបាច់»

លោកស្រីបញ្ជាក់ថា វិធានការទាំង៣ខាងលើនេះ ជាវិធានការដែលពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំ។ មួយវិញទៀតបច្ចុប្បន្នអាកាសធាតុក្ដៅខ្លាំង ដូច្នេះសូមអំពាវនាវ ដល់បងប្អូនពលរដ្ឋទាំងអស់ សូមកុំនៅក្រោមកំដៅថ្ងៃយូរពេក ដែលបង្កឲ្យយើងខ្សោះជាតិទឹក ឆាប់ដួលសន្លប់ និងរលាកស្បែកជាដើម។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងទៀតថា «សម្រាប់ជនចាស់ជរា និងកុមារតូចៗត្រូវប្រុងប្រយ័ត្ន ពិសេសមនុស្សជរា ដែលមានជំងឺស្រាប់ដូចជា ជំងឺលើសឈាម, ទឹកនោមផ្អែម និងអ្នកជំងឺបេះដូង កាលណាស្ថិតក្រោមកំដៅថ្ងៃខ្លាំងពេក បែកញើសខ្លាំង, បាត់បង់ជាតិទឹក ធ្វើឲ្យមានបញ្ហាសុខភាព ពិសេសធ្វើឲ្យចរន្ដឈាមរត់មិនស្រួល ធ្វើឲ្យខ្វះខាតអុកស៊ីសែន ធ្វើឲ្យដួលសន្លប់»

លោកស្រីបន្ថែមថា ក្នុងករណីនេះបើបងប្អូនណាមួយ ដួលសន្លប់ក្នុងអាកាសធាតុក្ដៅ សូមបងប្អូនពលរដ្ឋ ជួយសង្គ្រោះគាត់តាមបែបដូចជា៖ នាំយកទៅកន្លែងម្លប់ ឬកន្លែងដែលមានខ្យល់គ្រប់គ្រាន់, ជៀសវាងដាច់ខាតកុំរោមអ្នកជំងឺដួលសន្លប់នេះឲ្យសោះ ព្រោះថាកាលណាយើងរោម ធ្វើឲ្យអ្នកជំងឺថប់ដង្ហើមថែមទៀត, ត្រូវបន្ធូរសម្លៀកបំពាក់ឲ្យរលុង, លើកជើងអ្នកជំងឺឲ្យខ្ពស់ផុតពីដងខ្លួនកន្លះម៉ែត្រ ដើម្បីឲ្យលំហូរចរន្ដឈាមអាចរត់មក ខួរក្បាលវិញបានយ៉ាងលឿន, យកកន្លែងត្រជាក់ជូតសំអាតខ្លួនអ្នកជំងឺ ដើម្បីបន្ថយកំដៅក្នុងខ្លួន និងជួយឲ្យអ្នកជំងឺឆាប់ដឹងខ្លួនឡើងវិញ និងសំខាន់មួយទៀតត្រូវហៅក្រុមគ្រូពេទ្យជួយសង្គ្រោះ និងជៀសវាងការទុកអ្នកជំងឺចោលយូរ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា «សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចេញទៅធ្វើដំណើរនៅខាងក្រៅ ប្រសិនបើអាចកាត់បន្ថយបានជាការល្អ ព្រោះជួយកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ តែបើចាំបាច់ត្រូវការពារតាមវិធានការខាងលើ។ មួយវិញទៀត ដើម្បីរក្សាសុខភាព ក្នុងរដូវក្ដៅនេះ សូមបងប្អូនប្រជាពលរដ្ឋ ស្លៀកសម្លៀកបំពាក់ស្ដើងៗ ហើយប្រសិនបើមានបញ្ហាណាមួយ សូមប្រញាប់ទៅរកក្រុមគ្រូពេទ្យរដ្ឋរបស់យើង ឬទូរស័ព្ទទៅលេខ១១៥ ដើម្បីសួរព័ត៌មានផ្សេងៗ ពិសេសពិសារទឹកឲ្យបានញឹកញាប់ ដោយក្នុងមួយថ្ងៃពិសាទឹកឲ្យបាន២លីត្រ ឬលើសពីនេះ និងជៀសវាងការពិសាភេសជ្ជៈផ្អែមច្រើន»