(ភ្នំពេញ)៖ គណៈសង្ឃធម្មយុតិ្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ បានទាន់ពេលវេលា និងទទួលបានលទ្ធផលជាវិជ្ជមាន។

នេះគឺជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី សកលវិទ្យាធិការរងនៃ ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងកម្មវិធីដែលក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និង ស.ស.យ.ក. នៃពុទ្ធិកសាកលវិទ្យាលល័យព្រះសីមុនីរាជា បាននាំយកអំណោយ ដែលជាព្រះរាជទាន របស់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនដល់ពលរដ្ឋក្រីក្រ ដែលជួបបញ្ហាលំបាកកំឡុងពេលកូវីដ១៩ ជាង១០០គ្រួសារ នៅវត្តឥណ្ឌូរកម្ពុជា ធម្មនិរមិត្ត ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី បានលើកឡើងពីព្រះបន្តូលកោតសរសើរ របស់សម្តេចព្រះមហាសង្ឃរាជ ចំពោះរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលសម្តេចបានខិតខំប្រយុទ្ធប្រឆាំងទប់ស្កាត់ នៃជម្ងឺកូវីដ១៩ បានទាន់ពេលវេលា តាមរយៈកិច្ចសហការពីគ្រប់ភាគី ពាក់ពន្ធទាំងអស់រហូត ដល់ទទួលបានជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយស្ទើរទាំងស្រុង និងមិនមានការឆ្លងថ្មីបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ប្រជាជនកម្ពុជា បានរួមសាមគ្គីគ្នាជាធ្លុងមួយ តាមរយៈគ្រប់រូបភាព ដូចជាការបរិច្ចាគជាថវិកា សម្ភារប្រើប្រាស់ កម្លាំងទឹកចិត្ត ការចូលរួមយ៉ាងមានប្រសិទ្ធិភាព ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបា។

លោកសាស្រ្តាចារ្យ ងួន ស្តេចភក្តី បានបន្តថា ពិធីចែកអំណោយនេះ គឺជាសកម្មភាពមួយបង្ហាញ ពីការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ជាមួយរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែជួបការលំបាក ក្នុងកំឡុងពេលកូវីដ១៩ ហើយបច្ច័យទាំងអស់នេះ គឺបានមកពីប្រជាពលរដ្ឋ ដែលប្រគេនព្រះសង្ឃ ហើយព្រះសង្ឃក៏ចែករំលែកទៅវិញ ប្រកដោយព្រហ្មវិហារធម៌។

សូមជម្រាបថា អ្នកមានវីរុសកូវីដ១៩ ដែលរកឃើញទាំងអស់នៅកម្ពុជាមាន១២២រូប ក្នុងនោះអ្នកជាសះស្បើយចំនួន១២០នាក់ នៅសល់២នាក់ទៀតកំពុងសម្រាកព្យាបាល។ ក្នុងករណីពុំមានអ្នកឆ្លងថ្មី និងមានអ្នកជាសេះស្បើយនេះ គឺដោយសាររដ្ឋាភិបាល បានចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩៕