(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើសំណើរប្រាប់ទៅអភិបាលរាជធានី-ខេត្ត ទាំង២៥ ឱ្យចូលរួមជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលមិនស្របតាមច្បាប់បានកំណត់។ នេះបើយោងតាមសេចក្តីជូនរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភានេះ។

ក្រសួងបានបន្តទៀតថា បន្ថែមពីនេះ ស្របពេលប្រទេសកម្ពុជា មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យមានកំណើននៃការសាងសង់គួរឱ្យគត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ ក៏សង្កេតឃើញមានសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលជាសម្បត្តិសាធារណៈរបស់ជាដើម។

ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹក និងឧត្តុនិយម មានការព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហាដែលកើតឡើង ដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ និងតំបន់រងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕