(ភ្នំពេញ)៖ ក្នុងជំនួបតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ចិន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់សំណើចំនួន៥ចំណុច ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការវិស័យយោធាប្រទេសទាំងពីរ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដែលផ្តើមឡើងដោយភាគីចិន នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានលើកឡើងថា ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា លោកមានសំណើមួយចំនួន៖

*ទី១៖ ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពនៃប្រទេសទាំងពីរ គួរតែប្តេជ្ញាចិត្តរួមគ្នា និងប្រុងប្រយ័ត្ន...ជាដើម លោកនឹងបន្តទាក់ទងគ្នាជិតស្និតជាមួយសម្តេច។

*ទី២៖ ប្រសិនបើអនុវត្តបាននៅក្នុងឆ្នាំនេះ លោកសូមស្នើរៀបចំកិច្ចប្រជុំត្រៀមគណៈកម្មការយោធារវាងចិន-កម្ពុជា ភាគីចិនសុខចិត្តត្រៀមជូនភាគីកម្ពុជា សង្ឃឹមថាភាគីកម្ពុជានឹងធ្វើការសិក្សា និងឆ្លើយតបមកកាន់ភាគីចិនវិញ ។

*ទី៣៖ ភាគីកម្ពុជាគួរយកជំងឺកូវីដ១៩ ជាឱកាសដ៏ល្អមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទី២។ ថ្ងៃខាងមុខប្រទេសចិន នឹងបន្តយកចិត្តទុកដាក់លើការបន្តច្នៃវ៉ាក់សាំងវេជ្ជសាស្ត្រនៅប្រទេសចិន ហើយប្រសិនបើមានលទ្ធផលជាក់ស្តែងចំពោះវិស័យវ៉ាក់សាំងនេះ លោកនឹងជម្រាបជូនដំណឹងភ្លាមៗ។

*ទី៤៖ ចំពោះភាគីចិនបានយកគម្រោងមួយចំនួនដាក់ក្នុងគម្រោងវិស័យកងទ័ពក្នុងឆ្នាំនេះ ឧទាហរណ៍គម្រោងព័ត៌មានវិទ្យាអគារក្រសួងការពារជាតិ សម្រាប់ប្រកួតប្រជែងស្ដង់ដារស្ថាប័នអាស៊ាន សម្ភារៈកងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថ ភាគីចិននឹងរង់ចាំស្ថានការណ៍ជំងឺឆ្លងកូវីដ-១៩ ធូរស្រាលបន្តិច ភាគីចិននឹងបញ្ជូនអ្នកជំនាញការមកប្រទេសកម្ពុជាដើម្បីចូលរួមអនុវត្ត។

*ទី៥៖ បើសិនជាស្ថានការណ៍ជំងឺកូវីដ១៩ នៅបន្តធ្វើបាប យើងឯកភាពស្នើក្នុងឆ្នាំនេះ ដើម្បីជំរុញកាត់ចេញការប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិចិន-អាស៊ាន ហើយសុំរួបរួមរវាងចិន-ប្រទេស អាស៊ីអាគ្នេយ៍ លោកសង្ឃឹមថា សម្តេចនឹងគាំទ្រ និងសង្ឃឹមថា សម្តេចនឹងសម្រុះសម្រួលការងារដល់លោកក្នុងស្ថានភាពនេះ។

ជាកិច្ចឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានគាំទ្រចំពោះប្រសាសន៍របស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ។ សម្តេចថ្លែងថា នាពេលកន្លងមក ទោះបីបណ្តាប្រទេសនៅលើសកលលោក បានដាក់វិធានការរឹតបន្តឹងការធ្វើដំណើរបណ្តោះអាសន្ន ការបិទប្រទេស ដោយសារប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែកងទ័ពប្រទេសយើងទាំងពីរកម្ពុជា-ចិន នៅតែជម្នះគ្រប់ឧបសគ្គបានរួមចិត្តតែមួយ កៀកស្មារគ្នា និងធ្វើការជាមួយគ្នាគ្រប់ការលំបាក រៀបចំសមយុទ្ធនាគមាស២០២០លើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក និងបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរទៀតផង ។

សម្តេចបានបន្តទៀតថា៖ មួយវិញទៀត ដោយសារឆ្នាំនេះ គឺជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា កងទ័ពប្រទេសទាំងពីរ នឹងបន្តអនុវត្តភារកិច្ចទាំងឡាយ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យថែមទៀត ដោយផ្តោតយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ដែលបានឯកភាពគ្នារួចមកហើយ សំដៅពង្រឹងភាពជាដៃគូការពារជាតិរវាងអាស៊ាន និងចិន ធានារក្សាស្ថិរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់ប្រកបដោយកិច្ចសហប្រតិបត្តិការ តាមរយៈផ្លាស់ប្តូរចែករំលែកបទពិសោធន៍ នាយទាហានសេនាធិការ ធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM-បូក ស្តីពីសកម្មភាពកំចាត់មីនមនុស្សធម៌ សហប្រធានកិច្ចប្រជុំក្រុមជំនាញរក្សាសន្តិភាពលើក ទី៧ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ។

នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង់ទ្វេភាគី ហើយជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ នៃប្រទេសទាំងពីរ ហើយក្នុងកាលៈទេសៈដ៏ពិសេសភាគីទាំងពីរ បានសហការយ៉ាងរៀបចំប្រារព្ធរួមគ្នានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខួប២០ឆ្នាំ។ លោកក៏យល់ថាវាមានអត្ថន័យដ៏ជ្រាលជ្រៅណាស់ លោកសូមការភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទនាថ្ងៃនេះ ក្នុងការផ្លាស់ប្តូរយោបល់គ្នាជាមួយសម្តេច មានចិត្តសប្បាយរីករាយ ភាពស្មោះត្រង់ទទួលបានលទ្ធផលផ្លែផ្កា ហើយលោកមានក្តីសង្ឃឹមនឹងជួបសម្តេចនាពេលឆាប់ៗខាងមុខនេះ៕