(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់សម្ភារទប់ស្កាត់ COVID-19 មួយចំនួន ជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ដើម្បីចែកជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យសកម្មភាពការងារតាមមូលដ្នាន និងបណ្តាសំណង់នានាផងដែរ។

លោកបានប្រជុំកាកបាទក្រហមខេត្ត និងប្រគល់ថវិកាដែលបានចូលរួមពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្នាក់ដឹកនាំ មន្រ្តី និងសប្បុរសជន ចំនួន៣២៣៤៣ដុល្លារ និងចែកអំណោយជូនជន រងគ្រោះដោយខ្យល់កន្ត្រាក់ និងជនក្រីក្រនៅឃុំតាគ្រាមចំនួន ៤៧គ្រួសារ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង បានជាសះស្បើយច្រើន ហើយនៅសល់២នាក់ កំពុងឈានទៅរកជាសះស្បើយ ដែលនោះក៏ដោយ ទោះយ៉ាងណា ក៏យើងមិនត្រូវធ្វេសប្រហែសជាដាច់ខាត និងប្រុងប្រយ័ត្នជានិច្ចតាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច។

នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីទប់ស្កាត់ មិនមានការឆ្លងរីករាលបន្តទៀតនោះ គឺយើងទាំងអស់គ្នាមុន និងក្រោយកាន់របស់អ្វីមួយត្រូវលាងដៃ នឹងសាប៊ូ ឲ្យបាន ញឹកញាប់ជាប្រចាំ លាងអាកុល ជែល និងពាក់ម៉ាសជាប្រចាំ និងនៅពេលមានការចាំបាច់បំផុត។ ដូច្នេះហើយ បានលោកតែងតែអំពាវនាវ ដល់សប្បុរសជន ដើម្បី ចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមសទ្ធាររៀងៗខ្លួន និងសហការជាមួយក្រុមគ្រូពេទ្យ ដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ក៏ដូចជាបានជួយ សង្គមជាតិយើងផងដែរ។

សូមជម្រាបថា អំណោយដែលបាន យកមកជូនសាខា គឺមានម៉ាស៥០ប្រអប់, សាប៊ូដុំ៣៥កេស, អាល់កុលដបតូច២៤០ដប, ថវិកា៣៩,៣៥០,០០០រៀល និង២០,៥៨០ដុល្លារ ទុកជូនសាខាសម្រាប់យកទៅប្រើប្រាស់ ពេលមានការចាំបាច់បំផុតផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏ចុះពិនិត្យបណ្តាសំណង់រួមមាន៖

*ស្ពានបាឡេឆ្លងស្ទឹងសង្កែក្នុងឃុំកន្ទី១ ដែលមានការចូលរួមពីអាជ្ញាមូលដ្ឋាន និងអ្នកបច្ចេកទេសពាក់ព័ន្ធសំដៅធ្វើយ៉ាងណាឲ្យការសាងសង់ធានា បានគុណភាពត្រឹមត្រូវតាមកិច្ចសន្យានៃការសាងសង់
*អគារ ៣ខ្នងក្នុង ១ខ្នង ១២បន្ទប់ដែលបាននិងកំពុងសាងសង់ក្នុងវិទ្យាល័យ ស ខេង កន្ទឺ២សង់ បាន៤០% និងពិនិត្យរៀបចំធ្វើសួនច្បារ ក្នុងវិទ្យាល័យហ៊ុនសនភ្នំសំពៅសង់បាន៣០% ក្នុងវិទ្យាល័យតាគ្រាមសង់បាន៧៥%
*បានផ្តល់ថវិកា ទូទាត់បញ្ចប់ថ្លៃសង់ អគារ ១ខ្នង ៦បន្ទប់ ក្នុងអនុវិទ្យាល័យកន្ទឺ១សង់បាន១០០% និងអគារ ១ខ្នង ៦បន្ទប់ ក្នុងសាលាបឋមសិក្សាសសរពក ឃុំកន្ទឺ១សង់បាន៩៥%
*បានប្រគល់មណ្ឌលសុខភាពតាគ្រាមសង់បាន១០០% ជូនមណ្ឌលសុខភាពឃុំតាគ្រាម ដើម្បីដំណើរការប្រើប្រាស់ជាផ្លូវការ៕