(ភ្នំពេញ)៖ អតីតសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានទទួលឲ្យចូលសិក្សា នៅសាកលវិទ្យាល័យ University of California Berkley ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យធំ នាំមុខគេលំដាប់ថា្នក់ទី៣ លើពិភពលោក។

ដោយយោងតាមរបាយការណ៍ ចាត់ចំណាត់ថា្នក់សាកលវិទ្យាល័យ ឆ្នាំ២០១៩, សាកលវិទ្យាល័យកាលីហ្វ័រ ញ៉ា (The University of California) គឺជាសាកលវិទ្យាល័យ លំដាប់ឈានមុខគេ នៅសហរដ្ឋអាមេរិក និងឈរលំដាប់ទី៣ នៅលើសកលលោក ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន របស់ពិភពលោក។

យុវតី អានណា កំពុងបន្តការសិក្សា លើជំនាញចិត្តវិទ្យាជាជំនាញគោល និងមានគម្រោងជ្រើសរើសជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ឬគ្រប់គ្រងសេដ្ឋកិច្ច ជាមុខជំនាញ បន្ទាប់។ យុវតី តែ អានណា បានទទួលអាហាររូបករណ៍ថ្លៃសិក្សាពេញថ្លៃ ទៅសិក្សានៅ Skyline College ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិត វិទ្យាល័យដោយជោគជ័យ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅឆ្នាំ២០១៨។

ខាងសាកលវិទ្យាល័យ បានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំអាហាររូបករណ៍ មានលក្ខណៈប្រកួតប្រជែងខ្ពស់ ហើយពាក្យស្នើសុំអាហាររូបករណ៍ របស់យុវតីម្នាក់នេះ គឺមានភាពទាក់ទាញខ្លាំង សម្រាប់គណៈកម្មការអាហាររូបករណ៍ ដោយបង្ហាញពីភាពឆ្លាតវៃ ជំនាញសរសេររៀបរាប់ ប្រកបដោយវោហារសាស្ត្រ និងភាពក្លៀវក្លាឆ្ពោះ ទៅរកភាពជោគជ័យ។

យុវតីរូបនេះ គឺជាសិស្សឆ្នើមម្នាក់ ដែលមានភាពសកម្ម ក្នុងការចូលរួមការងារក្រុមប្រឹក្សាសិស្ស ដែលរួមមាន គម្រោងបណ្តុះបណ្តាលស្ត្រី ក្នុងភាពជាអ្នកដឹកនាំ, ក្លឹបបណ្តាញសិស្សអន្តរជាតិ និង PTK Honor Society (Phi Theta Kappa Honor Society)។

យុវតី តែ អានណា បានលើកឡើងថា «ដោយសារសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទើបខ្ញុំមានឱកាសបានជួបអ្នកតំណាង មកពី SMCCD (San Mateo County Community College District) ក៏ដូចជាឱកាស ក្នុងការដាក់ពាក្យសុំអាហាររូបករណ៍ទៅសិក្សានៅ Skyline College ដោយជោគជ័យ និងធ្វើឲ្យខ្ញុំ ឈានដល់គោល ដៅជោគជ័យដែលខ្ញុំទទួលបានថ្ងៃនេះ»

យុវតីរូបនេះបន្ដទៀតថា «ខ្ញុំមិនភ្លេចទេនូវរាល់ការចូលរួមចំណែក យ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗ ដែលរួមមាន កម្មវិធីចែក រំលែកទស្សនទាន ទិវាគ្រួសារ ពិធីជប់លៀងជំនួបមិត្តរួមសាលា និងកម្មវិធីចូលឆ្នាំខ្មែរជាដើម ដែលទាំងអស់នេះ បន្សល់ទុកនូវស្នាមញញឹម ដែលស្ថិតក្នុងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន»

សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ បានគូសបញ្ជាក់ថា សាលាមានសេចក្តីសោមនស្សរីករាយ ជាពន់ពេកចំពោះ យុវតី អានណា។ គាត់បានបង្ហាញឲ្យឃើញ ពីសារសំខាន់ នៃលទ្ធផលសិក្សារំពឹងទុករបស់ សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ សម្រាប់ភាពជាពលរដ្ឋសកល។

អានណា គឺជាប្រធានក្រុមប្រឹក្សាសិស្ស សម្រាប់ឆ្នាំសិក្សា ២០១៧-១៨ ដោយបានបន្សល់ទុកនូវស្នាដៃលេចធ្លោរជាច្រើន ក្នុងការដឹកនាំ រៀបចំសកម្មភាពជាច្រើន របស់សិស្សានុសិស្ស។ ជាមួយគ្នានោះដែរ គាត់ក៏មានភាពសកម្មក្នុងការសិក្សាគ្រប់មុខវិជ្ជា។ សាលា សូមចូលរួមអបអរសាទរចំពោះ អានណា និងក្រុមគ្រួសារ និងសូមជូនពរគាត់ ឲ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងមានអនាគតដ៏ត្រចះត្រចង់។

បើតាមយុវតី តែ អានណា បានបញ្ជាក់ថា គាត់មានគម្រោងដ៏ច្បាស់លាស់មួយ សម្រាប់ខ្លួនគាត់នៅថ្ងៃអនាគតនោះ គឺគាត់នឹងបង្កើតមុខជំនួញមួយ ហើយក៏នឹងធ្វើការ សិក្សាស្រាវជ្រាវ លើបញ្ហាផ្លូវចិត្តដែលកើតឡើងចំពោះប្រជាជនកម្ពុជា។ កន្លងមកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានបណ្តុះបណ្តាល នូវសិស្សានុសិស្សកម្ពុជា ដែលមានសមត្ថភាពខ្ពស់លេចធ្លោរជាច្រើនផងដែរ។

គួររំលឹកថា កាលពីឆ្នាំមុន អតីតសិស្សឈ្មោះ នូ ចាន់យុទ្ធា ដែលបានបញ្ចប់ការ សិក្សាក្នុងឆ្នាំសិក្សា ២០១៧/២០១៨ ក៏បានទទួលអាហាររូបករណ៍ សម្រាប់ការសិក្សា នៅបណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកផងដែរ។ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានលទ្ធភាពចូលរៀនក្នុង បណ្តាសាកលវិទ្យាល័យ នានាជុំវិញពិភពលោក ក៏ដោយសារតែពួកគេ បានជ្រើសរើសយកនូវមុខវិជ្ជា ត្រៀមមហាវិទ្យាល័យ (Advanced Placement)។

នៅឆ្នាំនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានចុះអនុស្សារណៈ នៃការយោគយល់ ជាមួយវិទ្យាស្ថាន មេន (Maine Central Institute) របស់សហរដ្ឋអាមេរិក ដែលធានាថា សិស្សានុសិស្សដែលបានសិក្សាក្នុងកម្មវិធីសិក្សា សម្រាប់សញ្ញាបត្រ២ នឹងទទួលបានការអនុញ្ញាតឲ្យចូលរៀន ក្នុងសាកលវិទ្យាល័យល្បីៗ របស់សហរដ្ឋអាមេរិក៕