(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល។

នេះបើតាមលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបណ្តាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមក្រសួងសុខាភិបាល ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយលើសពីនេះ មន្ទីរសម្រាមព្យាបាល ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន។

សូមជម្រាបថា ការចេញលិខិតព្រមានរបស់ក្រសួងខាងលើនេះ បន្ទាប់ពីមន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាននៅស្រុកអង្គស្នួល ខេត្តកណ្តាល រងការចោទប្រកាន់ពីអ្នកជំងឺ ២នាក់ ប្តីប្រពន្ធថា កេងបន្លំក្លែងមុខរបួសដើម្បីជំរិតទារប្រាក់ថ្លៃសេវាព្យាបាលចំនួន ៧១០ដុល្លារ។

ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកជំងឺពីរនាក់ប្តីប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមួយនេះ បានទៅដឹកយកមកព្យាបាល។ ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយរងបួសដាច់រលាត់ដៃជើងសើស្បែក ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក្ក័យបត្រថា ជនរងគ្រោះបាក់ដៃ និងបាក់ជើង ព្យាបាលលាងរបួសអស់ទឹកប្រាក់ ចំនួន៧១០ដុល្លារ ហើយបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។

ជនរងគ្រោះអះអាងថា ពួកគាត់របួសដាច់រលាត់សើស្បែកតែប៉ុណ្ណោះ មិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរនៅលើវិក្ក័យបត្រថា គាត់២នាក់ប្តីប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញរួចទារលុយជិត១០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើន។ ក្រោយពីមានការតវ៉ាពីក្រុមសាច់ញាតិ និងអ្នកជំងឺទើបប្រធានមន្ទីរពេទ្យខាងលើនេះ ចុះតម្លៃមកត្រឹម៤៥០ដុល្លារវិញ ចំណែកជនរងគ្រោះក៏យល់ព្រមបង់លុយដើម្បីបញ្ចប់រឿង៕