(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការរឹតបន្តឹងថ្មីទៀត ចំពោះពលករ-ពលការិនី ទៅលេងស្រុកកំណើត ហើយត្រូវវិលមកប្រទេសកូរ៉េវិញ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ចាប់ពីថ្ងែទី០៦ ខែឧសភា ឆ្នាំ២០២០តទៅ រដ្ឋាភិបាលកូរ៉េ បានដាក់ចេញនូវយន្តការ រឹតបន្តឹងចំពោះពលករ-ពលការិនី កាន់ទិដ្ឋាការ E-9 ដែលបានធ្វើដំណើរ ទៅលេងស្រុកកំណើត ដោយមុននឹងធ្វើដំណើរចូលប្រទេសកូរ៉េវិញ តម្រូវឲ្យមាន «លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក» (Consent to Quarantine) ដែលបញ្ជាក់ដោយការិយាល័យតំណាងអង្គភាពអភិវឌ្ឈន៍ធនធានមនុស្សកូរ៉េ (HRD-Korea) ប្រចាំនៅកម្ពុជា។

ដើម្បីទទួលបានលិខិតបញ្ជាក់ខាងលើ ពលករ-ពលការិនី ត្រូវ៖

*ទី១៖ ទំនាក់ទំនងថៅកែ មិត្តភ័ភ្រ្ភ ឬស្ថានទូតកម្ពុជាជាមុន ដើម្បីស្នើសុំជួយស្វែងរក ឬរៀបចំកន្លែង ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។
*ទី២៖ បន្ទាប់ពីទទួលបានអាសយដ្ឋាន កន្លែងស្នាក់នៅដោយឡែក (self-quarantine) សូមទំនាក់ទំនង តំណាង HRD-Korea ប្រចាំនៅកម្ពុជា ដើម្បីស្នើសុំលិខិតបញ្ជាក់ យល់ព្រម ក្នុងការស្នាក់នៅដាច់ដោយឡែក ចំនួន០២សន្លឹក ដោយ០១សន្លឹក សម្រាប់ប្រគល់ជូនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅព្រលានយន្តហោះ នៅប្រទេសកម្ពុជា និង០១សន្លឹកទៀត ប្រគល់ជូនអាជ្ញាធរសុខាភិបាលកូរ៉េ ពេលមកដល់ព្រលានយន្តហោះ ប្រទេសកូរ៉េ។
*ទី៣៖ ប្រសិនបើពុំមាន «លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក" ដែលចេញដោយតំណាង HRD-Korea ប្រចាំនៅកម្ពុជាទេនោះ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នឹងមិនចេញប័ណ្ណឡើងយន្តហោះ (Boarding Pass) ដល់ពលករ-ពលការិនី ឬមិនអនុញ្ញាតឲ្យធ្វើដំណើរ ចូលក្នុងប្រទេសកូរ៉េវិញតែម្តង។

សូមទំនាក់ទំនងការិយាល័យតំណាង HRD-korea ប្រចាំនៅកម្ពុជារៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌កូរ៉េ «អាគារ A ជាន់ទី ២» ផ្លូវលេខ ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទូរស័ព្ទ: 023-997-844 / 023-997-845 / 023-997-822, លេខទូសារ : 023-997-833, អ៊ីម៉ែល : [email protected] / [email protected] អាស្រ័យហេតុនេះ សូមពលករ-ពលការិនី ចូលរួមអនុវត្តន៍វិធានកាណ៍នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕