(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងទាំងអស់ ឱ្យបញ្ឈប់នូវការផ្សាព្វផ្សាយគ្រប់រូបភាព សារជាអក្សរ សំឡេង និងវីដេអូដែលមានលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្កមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពសង្គមជាតិ ចាប់ពីថ្ងៃចេញសេចក្តីនាំនេះជាកំហិត។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានអ្នកប្រើប្រាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអាជីវករតាមប្រព័ន្ធ Online អ្នកនិពន្ធបទភ្លេង ទំនុងច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាសំលេង អក្សរ និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាសក្រមសីលធម៌បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិ ជារឿយៗ។

តាមសេចក្តីណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានព្រមានថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយនៅតែបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាវិន័យនឹងសហការ ជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍ និងទូគមនាគមន៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការ ដោយអនុលោម តាមក្រមសីលធម៌នៃអ្នកសិល្បៈ ឬប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីធឺណេតនៅកម្ពុជា ឬនឹងដាក់ពាក្យបណ្តឹងទៅតុលាការដោយអនុលោម តាមក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖