(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ នៅតែបន្តយន្តការផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺ COVID-19 និងពង្រឹងការអនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍ថ្មី ឱ្យមានប្រសិដ្ឋភាព។

ការជំរុញបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំបើកកិច្ច ប្រជុំស្តាប់របាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២០ ដើម្បីធ្វើការដោះស្រាយបញ្ហានានា និងលើកទិសដៅបន្ត នៅសាលប្រជុំ សាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ គណៈអភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់ យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករង បាត់ដំបង កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុកប្រធានមន្ទីរអង្គភាពរដ្ឋនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ក្នុងអង្គប្រជុំរួច លោក ងួន រតនៈ បានអនុញាតឱ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើង តាមជំនាញរបស់ខ្លួនក្នុងនោះលោកបានសង្កត់ធ្ងន់អំពីជំងឺ COVID-19 ដែលកំពុងរីករាលដាលខ្លាំងលើពិភពលោក ដោយឡែកខេត្តបាត់ដំបង មានការឆ្លង ៨ករណី ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មកទល់ពេលនេះបានជាសះស្បើយអស់ និងនាំគ្នាចុះយុទ្ធនាការរិតបន្តឹងច្បាប់ចរាចរណ៍ថ្មី ដោយធ្វើការផាកពិន័យ ចំពោះអ្នកគោរពច្បាប់ ទប់ស្កាត់ក្មេងទំនើងជាដើម។

លោក ងួន រតនៈ បានបញ្ជាក់ពីបញ្ហាមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ លើអ្នកជិះយានយន្ត គ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ គោរពច្បាប់ទាំងអស់គ្នា និងបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ គ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងបង្ការទប់ស្កាត់បទល្មើស ល្បែងស៊ីសង និងគ្រឿងញៀនខុសច្បាប់។

ក្នុងឱកាសនោះដែរ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានឱ្យរដ្ឋបាលក្រុង-ស្រុកបន្ត សម្រុកធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល លើប្រជាពលរដ្ឋ និងពលករឆ្លងដែន ទើបមកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត ធ្វើចត្តាឡីស័ក ពីការរក្សាអនាម័យបង្ការ ទប់ស្កាត់ការពារកុំឱ្យឆ្លងរោគឆ្លង COVID-19 ដោយមានការចាក់ផ្សាយមេក្រូ នៅគ្រប់មូលដ្ឋាន និងដើរពន្យល់ពួកគាត់នៅតាមខ្នងផ្ទះ ជាប្រចាំបានយល់ច្បាស់ពីវិធីការពារនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID-19 កុំមានការឆ្លងបន្តកើនឡើងបន្ថែមជាថ្មីម្តងទៀត។

ថ្មីៗនេះផងដែរ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានទទួលរងគ្រោះមហន្តរាយ ដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋបានរងគ្រោះមួយចំនួន នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ហើយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានបានសហការជាមួយសាខាកាកបាទក្រហមខេត្ត និងម្ចាស់ការ ចុះជួយសង្គ្រោះ និងនាំអំណោយចុះសួរសុខទុក្ខអ្នករងគ្រោះបានទាន់ពេលវេលាផងដែរ។ ក្នុងឱកាសនេះដែរ គឺត្រូវគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពទាំង៩ ចំណុចនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដើម្បីរក្សាការរស់នៅ របស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាពជូនពួកគាត់។

លោកស្នងការរងនគរបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះការរិតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ថ្មី ដែលបានចាប់ផ្តើមអនុវត្តច្បាប់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ទូទាំងប្រទេសថ្មីៗនេះ បានលទ្ធផលល្អ ដោយធ្វើការផាកពិន័យច្រើនជាងមុន ចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ តែបានសង្កេតឃើញថា នៅម៉ោងសម្រាកការងាររបស់កម្លាំងនគរបាលចរាចរណ៍ ប្រជាពលរដ្ឋដែលប្រើ ប្រាស់យានយន្តគ្រប់ប្រភេទមួយចំនួន នៅតែមិនគោរពច្បាប់ចរាចរណ៍ដដែល នេះជាបញ្ហាប្រឈមមួយដែរសម្រាប់យកទៅរាយការណ៍ទៅថ្នាក់លើដើម្បីជាបទពិសោធន៍ និងមានវិធានការថ្មី។

លោកអភិបាលខេត្ត បានធ្វើការបូកសរុប ក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នារក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងខេត្តរស់នៅ គ្មានការភ័យខ្លាចបានសុខសាន្ត និងសុវត្ថិភាពផងដែរ៕