(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគគិតជាទឹកប្រាក់សរុបចំនួន ១,៥៦១,៩៥៤,៥១៦.៤០រៀល (ស្មើនឹងប្រមាណ៣៩ម៉ឺនដុល្លារ) និង ៧៩៨,២៧២.៣៩ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ១៦,០៧៣ រូប ដែលរួមមានសមាជិកកិត្តិយសចំនួន១រូប, សមាជិកគាំទ្រចំនួន ១៤,៥៦៩រូប និងសប្បុរសជនផ្សេងៗ ចំនួន១,៥០៣រូប។

ក្នុងចំណោមថវិកាសរុបនេះ ធនាគារអេស៊ីលីដាបានបរិច្ចាគចំនួន ១,២០០,០០០,០០០ រៀល និងថវិកាចំនួន ៧៦៧,៣២៨ ដុល្លារអាមេរិក បានមកពីកម្រៃពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី១ ឆ្នាំ២០២០។ រួមគ្នានេះដែរមូលនិធិបានផ្ទេរថវិកាចំនួន ៧៦៧,៣២៨ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការពិនិត្យព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា។

សូមជម្រាបជូនថា សាធារណជនព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា អាចបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល/៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥០០០(ប្រាំពាន់)រៀល ក្នុងមួយខែ/៦០,០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕