(ភ្នំពេញ)៖ ឯកអគ្គរាជទូតខ្មែរប្រចាំ ប្រទេសអូស្ត្រាលី លោក កុយ គួង ក្រោយពេលបានចូលបំពេញការងារកាលពីអំឡុងដើមឆ្នាំ២០១៥ ហើយនោះ បានសម្រេចផ្តល់សេវានានា ជូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅ និងសិក្សា ក្នុងប្រទេសអូស្ត្រាលីដោយឥតគិតថ្លៃ។
ក្រៅពីមិនយកកម្រៃលើសេវាប្រដាប់ត្រាហើយនោះ ដោយមើលឃើញប្រជាពលរដ្ឋមួយចំនួនបន្តជួបផលលំបាកក្នុងការបំពេញ ពាក្យសុំពន្យារលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ លោក កុយ គួង បានប្រកាសជួយសម្រួលបំពេញពាក្យសុំនិងបែបបទបន្ថែមទៀត ជូនដល់ពួកគាត់ដោយមិនយកកម្រៃសេវាអ្វីទាំងអស់។

លោក កុយ គួង បានថ្លែងប្រាប់ Fresh News ពីប្រទេសអូស្ត្រាលីនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះថា មានប្រជាពលរដ្ឋមួយ ចំនួន ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី បានចំណាយពេលវេលា និង លុយយ៉ាងច្រើន ដើម្បីស្វែងរកសេវាពីទីភ្នាក់ងារធ្វើដំណើរ ឲ្យជួយបំពេញបែបបទក្នុងការសុំពន្យារលិខិតឆ្លងដែន ក៏ដូចជាលិខិតស្នាមផ្សេងៗទៀត។

លោក កុយ គួង បានរៀបរាប់ថា មុនពេលទទួលបានការពន្យារលិខិតឆ្លងដែន ឬការបញ្ជាក់លិខិតស្នាមអ្វីមួយនោះ គេតម្រូវឲ្យប្រ ជាចូលទៅបំពេញពាក្យសុំតាមគេហទំព័រ ហើយព្រីនចេញរួចផ្ញើទៅកាន់ស្ថានទូតខ្មែរឲ្យជួយបញ្ជាក់ជូន។ តែមានប្រជាពលរដ្ឋខ្មែរ មួយចំនួន ដែលមិនចេះភាសាអង់គ្លេស ឬមិនចេះប្រព័ន្ធអ៊ីនធើណេតមិនអាចបំពេញពាក្យសុំទាំងនេះបានក៏រត់ទៅរកសេវាពីទីភ្នាក់ងារ ធ្វើដំណើរ ឲ្យជួយបំពេញបែបបទទាំងអស់នេះ ជាហេតុធ្វើឲ្យពួកគាត់ចំណាយប្រាក់កម្រៃលើសេវាជាច្រើន បើទោះបីស្ថានទូតមិនបាន យកកម្រៃសេវាពីពួកគាត់ ក៏ដោយនោះ។

បើតាមលោក កុយ គួង សេវា ដែលពលរដ្ឋខ្មែរទៅរកពីទីភ្នាក់ងារនោះ ចំណាយប្រាក់ពី ៣៥ ទៅដល់ ៧០ដុល្លារអូស្ត្រាលី ហើយត្រូវ ចំណាយពេលធ្វើដំណើរយ៉ាងឆ្ងាយ ដើម្បីទៅរកសេវាទាំងអស់នេះ។

បន្ទាប់ពីរកឃើញផលលំបាកទាំងនេះ លោក កុយ គួង បានសម្រេចជួយបំពេញពាក្យសុំជូនប្រជាពលរដ្ឋបន្ថែមទៀតដោយមិនគិតកម្រៃ អ្វីទាំងអស់។ លោក កុយ គួង បានប្រាប់ថា ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងការបំពេញពាក្យសុំទាំងអស់នេះមិនចាំបាច់ចំណាយ ពេល និងប្រាក់ទៅស្វែងរកសេវាពីទីភ្នាក់ងារទៀតនោះទេ គ្រាន់តែផ្ញើលិខិតឆ្លងដែន និងស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់ទៅវិញ ជាការស្រេច។

លោក កុយ គួង បានបញ្ជាក់ថា «យើងធ្វើដូច្នេះដើម្បីកុំឲ្យពួកគាត់ចំណាយលុយច្រើន និងចំណាយពេលធ្វើដំណើរយ៉ាងឆ្ងាយទៅ រកសេវា ពីទីភ្នាក់ងារ។ ពួកគាត់គ្រាន់តែទៅរកប្រៃសេនីយជិតលំនៅដ្ឋាន ហើយផ្ញើលិខិតឆ្លងដែន និងអស័យដ្ឋានរបស់ពួកគាត់ទៅ ស្ថានទូត ស្ថានទូតជួយបំពេញ ពេលបំបេញហើយ នឹងបញ្ជូនត្រឡប់ទៅពួកគាត់ភ្លាម»

លោក កុយ គួង ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងអ្នករស់នៅអចិន្រ្តៃយ៍ អ្នកទៅរកការងារធ្វើ និង និស្សិតកំពុងសិក្សានៅ ប្រទេសអូស្ត្រាលី មានជាង ៤ម៉ឺននាក់។ លោក កុយ គួង ក្រោយពេលចូលទៅកាន់ការងារជាឯកអគ្គរាជទូតនៅអូស្ត្រាលី ត្រូវបានគេ មើលឃើញថា បានជួយបង្កលក្ខណៈងាយស្រួលជាច្រើន ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាមិនយកប្រាក់កម្រៃ ជាដើម។ លោក ក៏តែងបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងពេលខ្លះចុះផ្តល់សេវាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនិងនិស្សិត ផងដែរ។

លោក កុយ គួង បានបញ្ជាក់ប្រាប់ Fresh News លោកនឹងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជា ពលរដ្ឋ និងធ្វើឲ្យពួកគាត់បានសប្បាយចិត្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃ ទី០៩-១០ ខែមករា កន្លងទៅថ្មីៗនេះ បានធ្វើការព្រមានថា នឹងដកឯកអគ្គរាជទូតខ្មែរឲ្យត្រឡប់មកប្រទេសវិញបើសិនឯកអគ្គរាជទូត ណាដែលអសកម្មក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕