(ព្រះវិហារ)៖ ដើម្បីជួយសម្រាលជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើពិភពលោក ជាពិសេសស្របពេលដែលកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងជំងែកូវីដ១៩នោះ ក្រុមការងារខេត្តចុះជួយស្រុកត្បែងមានជ័យដឹកនាំដោយលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកត្បែង និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំព្រះឃ្លាំង ព្រមទាំងអជ្ញាធរមូលដ្ឋាន បាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១១គ្រួសារ រស់នៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះលោក ស៊ូ សិរី បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋពីស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលពាសពេញសកលលោក ដែលបានសម្លាប់ជីវិតមនុស្ស អស់ជាច្រើនម៉ឺននាក់។ សម្រាប់ប្រទេសកម្ពុជាយើងវិញ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងបានព្យាបាលបានជាសះស្បើយរហូតដល់ ១២០នាក់ហើយ មានទាំងខ្មែរ និងជនបរទេសក្នុងចំណោម១២២នាក់។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កត្តាជោគជ័យដែលប្រទេសកម្ពុជាយើង អាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យរីករាលដាលនោះ គឺក្រោមការដឹកនាំដ៍ឈ្លសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់បទបញ្ជា និងវិធានការផ្សេងៗបានទាន់ពេលវេលា ដោយបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ ហើយមួយផ្នែកទៀតដោយសារ ការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋយើង ដោយបានអនុវត្តតាមការណែនាំរបស់អជ្ញាធរ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានថ្លែងថា អំណោយដែលនាំមកប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រទាំង ១១គ្រួសារនៅពេលនេះ គឺដោយសារមានការចូលរួមចំណែកពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាការបក្សមូលដ្ឋាន នៃមន្ទីរសុខាភិបាលខេត្ត នេះបង្ហាញឲ្យឃើញពីវប្បធម៌ នៃការចែករំលែកស្របពេលដែលប្រទេសកម្ពុជារបស់យើងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ជាមួយគ្នានោះលោក គួង ឡូ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវបន្តការពារខ្លួនជាប្រចាំកុំឲ្យជំងឺកូវីដ១៩ កើតលើខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង ហើយវិធីការពារដែលមានប្រសិទ្ធភាពនោះ គឺស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបញ្ជាក់ទៀតថា «ជំងឺកូវីដ១៩មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ប៉ះពាល់សុខភាពសាធារណះនោះទេ តែក៏បានប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចបញ្ហាសង្គម និងបញ្ហាផ្សេងៗទៀត ដោយសារបញ្ហានេះហើយទើបក្រុមការងារនាំអំណោយមកជូនពួកគាត់ ដើម្បីសម្រាលការលំបាកក្នុងគ្រានេះ»។

នៅក្នុងឱកាសនោះដែរ ក្រុមការងារបានចុះពិនិត្យមើលការសាងសង់ផ្ទះមួយខ្នង ដែលជាអំណោយគណបក្សប្រជាជនកម្ពុជាសម្រាប់ផ្តល់ជូនស្រីមេម៉ាយដែលមានកូន ២នាក់ក្នុងបន្ទុកផងដែរ៕