(ត្បូងឃ្មុំ)៖ ក្រោយពីសាងផ្នួសមុខភ្លើង ដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាជីដូនបង្កើត, ភិក្ខុ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បាននិមន្តបិណ្ឌបាតនៅតាមភូមិ ក្នុងស្រុកកំណើត ជាមួយព្រះសង្ឃដទៃទៀតដែរ។

Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបភាពភិក្ខុ ហ៊ុន ម៉ាណែត ដោយភ្ជាប់នឹងខ្លឹមសារថា៖ «ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើត ក្នុងរយៈពេលនៃការបួសមុខភ្លើង ជូនជីដូនបន្ទាប់ពីទទួលមរណកាលទៅ»

សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ និងត្រូវបានបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃម្សិលមិញ នៅឯស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕