(សៀមរាប)៖ ក្រសួងបរិស្ថានប្រគល់ម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោក សៅ សុភាព បានឱ្យដឹងថា ខេត្តសៀមរាប គឺជាតំបន់ប្រមូលផ្តុំទៅដោយទីកន្លែងកំសាន្ត ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដែលល្បីល្បាញជុំវិញពិភពលោក ដូច្នេះ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់បំផុតលើកិច្ចគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តមន្រ្តីមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស បន្តនូវសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវភាពអសកម្មមួយចំនួន និងជនឆ្លៀតឱកាស ក្នុងការបំផ្លាញធនធានធម្មជាតិ ការចាប់សត្វព្រៃ ពិសេសការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

លោក សៅ សុភាព បានបញ្ជាក់ថា ការផ្តល់សម្ភារៈ បរិក្ខារបស់គម្រោងដល់មន្ទីរបរិស្ថានខេត្តសៀមរាប នៅពេលនេះ គឺជាជំហានទីមួយ ក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ពង្រឹងការងារល្បាត និងទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ ចូមរួមការពារ និងអភិរក្សធនធានធម្មជាតិ ការពារតំបន់ទេសភាព និងតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ឱ្យស្ថិតស្ថេរបានល្អ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ថា ការពារពារ និងអភិរក្សធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ចូលរួមចំណែកសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ក៏ដូចជាធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ កាន់តែមានភាពប្រសើរឡើង៕