(ភ្នំពេញ)៖ ដើម្បីជាការជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនពិការភាព និងអ្នកធាក់ស៊ីក្លូ រួមនឹងអ្នករត់ម៉ូតូកង់បី ដែលកំពុងតែជួបប្រទះនូវការលំបាក ក្នុងកំឡុងពេលប្រទេសកំពុងតែប្រឈមនឹងជំងឺកូវីដ១៩ ក្រុមសិស្សសាលាភូមិន្ទរដ្ឋបាល បានសហការណ៍គ្នានាំយកអំណោយរួមមាន អង្ករ ក្រម៉ា សាប៊ូដុំ ទឹកអាកុល រួមទាំងថវិកាមួយចំនួនចុះប្រគល់ជូន ដើម្បីជាការជួយសម្រួលដល់ការលំបាកបានមួយគ្រាផងដែរ។

ខណៈទទួលបានអង្ករ ថវិកា រួមនឹងសម្ភារបង្ការជំងឺកូវីដ១៩ លោកពូអ្នកធាក់ស៊ីក្លូម្នាក់ បានឱ្យថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលទទួលបានអង្ករ ថវិកា និងសម្ភារបង្ការជំងឺកូវីដ-១៩ ដោយសារសម្ភារទំាងអស់នេះ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពួកគាត់។ លោកពូបន្តថា ខណៈប្រទេសកំពុងតែប្រឈមនឹងជំងឺកូវីដ១៩នេះ ពួកគាត់ពិតជាខ្វះខាតជីវភាពដោយសាររងឥទ្ធិពលនៃជំងឺនេះ ព្រោះកាលពីមុនពួកគាត់ពុំដែលខ្វះខាតជីវភាពបែបនេះទេ គឺតែងមានអតិថិជន ជិះស៊ីក្លូ ពួកគាត់ជាហូរហែរ។

ដោយឡែកសម្រាប់ជនពិការភាពវិញ បានបញ្ជាក់ដែរថា ពួកគាត់ជាអ្នកម៉ាស្សាជនពិការ ដោយមួយថ្ងៃយ៉ាងហោចណាស់ ក៏រកបាន៣ម៉ឺនរៀលដែរ ប៉ុន្តែពេលនេះ មុខរបររបស់ពួកគាត់ ត្រូវបានបញ្ចប់ដោយសារជំងឺកូវីដ១៩ ដូចនេះហើយពួកគាត់ពិតជាអរគុណយ៉ាងខ្លាំង ចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានរួបរួមគ្នាជួបឧបត្ថម្ភ ដល់ពួកគាត់ ហើយពួកគាត់ពិតជាបានយល់ច្បាស់ ពីវិធីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះពួកគាត់បានពាក់ម៉ាស់លាងដៃ ជាប្រចាំរួមទាំងការរស់នៅស្អាតផងដែរ។

តំណាងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ នៃសាលាភូមិន្ទរដ្ឋបាល បានប្រាប់ដែរថា ដោយមើលឃើញពីតម្រូវការជាក់ស្តែងទើបពួកគេ បានរួបរួមគ្នាជាមួយសិស្សរួមជំនាន់ ដើម្បីរួមគ្នាជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូ ជនពិការរភាព រួមនឹងអ្នករត់ម៉ូតូកង់បី ព្រោះពួកគាត់កំពុងជួបការលំបាក ម្យ៉ាងទៀតពួកគេ ត្រូវការពន្យល់ណែនាំដល់ពួកគាត់ផងដែរ ពីវិធីរស់នៅស្អាត ហូបស្អាត រួមនឹងវិធីការពារជំងឺកូវីដ១៩ ហើយក្នុងសាលារបស់ពួកគេ គឺតែងតែបង្កើតនូវកម្មវិធីផ្សេងៗ ដូចជាកម្មវិធីចែកអំណោយ ចែកសម្ភារប្រើប្រាស់ ចែកគ្រឿងឧបភោគបរិភោគ និងជូនថវិកាដើម្បីជួយទ្រទ្រង់ជីវភាពផ្សេងៗជាញឹកញាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា សិស្សសាលាភូមិន្ទរដ្ឋបាល តែងតែបានបង្កើតកម្មវិធីចែកអំណោយ ដល់ជនខ្វះខាតជីវភាព ដោយសាររងឥទ្ធិពលជំងឺកូវីដ១៩ បានជាច្រើនលើក ច្រើនសារមកហើយ ដែលសកម្មភាពទំាងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ជនចាស់ជរា និងអ្នកដែលបានជួបប្រទះនូវការលំបាក បានមួយគ្រាផងដែរ ហើយសកម្មភាពនេះក៏ជាការចូលរួមចំណែក ក្នុងការជួយសម្រួលបន្ទុកដល់រដ្ឋាភិបាលផងដែរ៕