(ភ្នំពេញ)៖ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនការ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមអតីតយោធា២រូប ដោយដាក់ពន្ធនាគារម្នាក់ៗ ១៦ឆ្នាំ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។

មន្រ្តីយោធា២រូបរួមមាន៖

*ទី១៖ ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ
*ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៦ឆ្នាំ។

ជនទាំងពីរនេះ បានជាប់ចោទពីបទ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

តាមរយៈការប្រកាសសាលក្រមរបស់តុលាការយោធានេះ អតីតមន្ត្រីយោធាទាំង២រូបខាងលើ នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃសាលក្រមស្ថាពរ ត្រូវបានប្រកាសជាផ្លូវការតទៅ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បានបោកប្រាស់ថា នឹងបញ្ចូលក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕