(ភ្នំពេញ)៖ លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគូវ៉ែត បានស្វះស្វែង និងជួយអន្តរាគមន៍ឱ្យប្រជាពលរដ្ឋខ្មែរ ០៤នាក់ បានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីទៅទេសចរណ៍នៅប្រទេសអារ៉ាប់រួម ហើយជាប់ដំណើរអស់រយៈពេលជាងមួយខែ ព្រោះតែការរីកសាយភាយនៃជំងឺកូវីដ១៩។

នៅក្នុងលិខិតជម្រាបទៅលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ លោក ហ៊ុន ហាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់នេះ នឹងហោះចេញពីអារ៉ាប់រួមនៅថ្ងៃទី០៧ ខែឧសភា ហើយទៅដូចជើងហោះហើរនៅទីក្រុងអ៉ិនឆន ប្រទេសកូរ៉េខាងត្បូង។ លុះថ្ងៃទី០៨ ខែឧសភា ទើបហោះពីកូរ៉េខាងត្បូង ឆ្ពោះមកប្រទេសកម្ពុជា។

បើតាមលោក ហ៊ុន ហាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរមួយគ្រួសារមានគ្នា ០៤នាក់នេះ បានធ្វើដំណើរទេសចរណ៍ទៅលេងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។ ជាអកុសលឪពុកពួកគេដែលជាមនុស្សម្នាក់ក្នុងចំណោម ០៤នាក់នេះ មានបញ្ហាសុខភាពតម្រូវឱ្យសម្រាកព្យាបាលនៅទីនោះមួយរយៈពេលរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ទើបបានធូរស្រាល។

ប៉ុន្តែដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 កាន់តែមានសភាពធ្ងន់ធ្ងរ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ប្រទេសនេះ បានផ្អាកជើងហោះហើរ នាំឱ្យគ្រួសារខ្មែរមួយគ្រួសារត្រូវជាប់ដំណើរ និងបន្តស្នាក់នៅប្រទេសអារ៉ាប់រួម រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីការជាប់ដំណើរនៅក្នុងប្រទេសអារ៉ាប់រួមគ្រួសារខ្មែរដែលមានមេគ្រួសារឈ្មោះ ងួន សុផល បានសុំកិច្ចអន្តរាគមន៍ទៅទូតខ្មែរនៅប្រទេសគូវ៉ែត។

ក្រោយពីបានព័ត៌មានខាងលើភ្លាម នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានជួយអន្តរាគមន៍ ដោយបានផ្ញើរសារអ៉ីម៉ែលទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំរដ្ឋគូវ៉ែត ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ។ ដ្បិតថាមានតែក្រុមហ៊ុនអាកាសចរណ៍ ETHAD AIRWAYS មួយប៉ុណ្ណោះ ដែលត្រូវបានគេអនុញ្ញាតឱ្យហោះហើរចេញ-ចូល ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងជម្លៀសតែប្រជាជននៃប្រទេសទាំងពីរ ពីទីក្រុង Abu Dhabi ឆ្ពោះមកទីក្រុង Seoul Incheon តែប៉ុណ្ណោះ។

ឆ្លើយតបសំណើនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំរដ្ឋគូវ៉ែតក៏បានជួយសម្រួល រហូតទាល់តែក្រុមហ៊ុនព្រមចេញសំបុត្រយន្តហោះជូនក្រុមគ្រួសារខ្មែរខាងលើ ដើម្បីអាចត្រឡប់មកកម្ពុជាវិញ៕

លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគូវ៉ែត