(ភ្នំពេញ)៖ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៤រូបដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសម្រេចដកមុខតំណែង និងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដែលធ្វើឲ្យកក្រើកនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ FFC ត្រូវបានមន្រ្តីនៅក្នុងសហព័ន្ធទម្លាយប្រាប់ជាសាធារណៈថា គឺជាប់ពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ឃុបឃិតជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។

លោក កែវ សារ៉េត អគ្គលេខាធិការ FFC បានថ្លែងជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានធ្វើជា បន្ទាន់នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិបានឲ្យដឹងថា «មន្រ្តី FFC ទាំង ៤រូបនោះរួមមានលោក ម៉ៃ តុលា អគ្គលេខាធិការរង លោក ទុយ វិច្ឆិកា ប្រធានក្រុមអាជ្ញាកណ្តាល លោក ឆាំង ពិសិដ្ឋ អ្នករៀបចំការប្រកួត និងលោក គល់ សុភារម្យ ដែលបានប្រព្រឹត្តនូវអំពើពុករលួយ ដែលសហព័ន្ធបានរកឃើញតាមរយៈ ការស៊ើបអង្កេតពីក្រុមគណៈកម្មាធិការដែលត្រូវបានបង្កើតឡើង ដោយមានលោក ខៀវ សាម៉េត ជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ ជាអនុប្រធាន និងមានចូលរួមពីសំណាក់សហការពីក្រុមស្រាបៀរ Tiger ដែលបានបង្កើតព្រឹត្តការណ៍ Tiger Street Football ដែលមានជារៀងរាល់ឆ្នាំ»

លោក សារ៉េត បានបញ្ជាក់ទៀតថា «បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិបានរកឃើញថា កំហុសនេះមិនអាចលើកលែងឲ្យពួកគេទាំង ៤នាក់បាន ទើបសម្រេចដាក់ពិន័យតាមរយៈដកតំណែង និងដាក់បម្រាមមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដើម្បីធ្វើកំណែទម្រង់នៅក្នុងសហព័ន្ធឲ្យស៊ីជម្រៅ»

ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរកឃើញមានទឹកប្រាក់ប្រមាណ ៥៩៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លងនោះឡើយ។

អគ្គលេខាសហព័ន្ធរូបនេះបានបន្តថា ចំពោះលោក ម៉ៃ តុលា ដែលមានសំណុំរឿងបញ្ជូនទៅតុលា រូបលោកមិនហ៊ានអះអាងថា ស្ថាប័នច្បាប់នឹងដាក់ទោសទណ្ឌមានទំហំធំកម្រិតណានោះទេ អាស្រ័យទៅលើការរកឃើញកំហុសជាក់ស្តែង។

បន្ថែមលើនេះ រឿងរ៉ាវព្យួរ និងដកតំណែងមន្រ្តីរបស់ខ្លួនដ៏រស៊ើបនេះ ត្រូវបានលោកអះអាងថា មិនមានការដាក់ទោសទណ្ឌនោះទេ តែប្រសិនដឹង មិនព្រមដោះស្រាយទាន់ពេលវេលា នោះទើបជាកំហុស គ្រាដែលសហព័ន្ធអន្តរជាតិមានទាំង AFC ជាពិសេស FIFA តែម្តង តែងតែលើកទឹកចិត្តឲ្យបោសសំអាតអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនេះជានិច្ច៕