(ស្វាយរៀង)៖ លោកស្រី Cristian Munduate តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់វិធានការល្អ និងទាន់ពេលវេលា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។

ការឡើងនេះ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ខណៈលោកស្រី រួមដំណើរជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួលខេត្តស្វាយរៀង និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋព្រម ទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារនៅឃុំបុសមន ស្រុករំដួល។

ក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋស្រុករំដួលទាំងមូល បានសម្តែងសេចក្តីរន្ធត់ក្តុកក្តួលឥតឧបមា និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត គោរពជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងបានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក យាយទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថានទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា និងអង្គការ UNICEF ប្រចាំនៅកម្ពុជា ដែល ចូលរួមយ៉ាងសកម្មក្នុងការបម្រើនូវការងារមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមមាន ការងារវិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹករលឹក និងសួរសុខទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះបង ប្អូនប្រជាពលរដ្ឋ ស្រុករំដួលទាំងមូល និងបានណែនាំឲ្យប្រជាពលរដ្ឋត្រូវបន្តការពារទប់ស្កាត់ទាំងអស់គ្នានូវជំងឺឆ្លងកូវីដ-១៩៕