(ភ្នំពេញ)៖ បុរសម្នាក់បន្លំស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថស័ក្តិ២ ត្រូវនរគបាលប៉ុស្តិ៍ផ្សារដើមគរ បានឃាត់ខ្លួន រួចប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក នៅវេលាម៉ោងជាង១១យប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ នៅចំណុចផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបន្លំធ្វើជាអាវុធហត្ថនេះ ឈ្មោះ ហ៊ុន រិទ្ធ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបន្តថា មុនឃាត់ខ្លួនបុរសខាងលើ សមត្ថកិច្ចកំពុងតែជិះម៉ូតូល្បាតតាមមូលដ្ឋាន  ស្រាប់តែខណៈនោះក៏មានមនុស្សមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានស្រែកនិងដេញវាយគ្នាពេញផ្លូវ ហើយភ្លាមក៏បុរសម្នាក់ ដែលស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ក៏ជិះម៉ូតូជ្រុលទៅប៉ះជាមួយ រថយន្ត Lexus ៥៧០មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ដែលកំពុងបើកស្របគ្នានោះ បណ្តាលឲ្យជនបន្លំ ជាអាវុធហត្ថរូបនោះដួលម៉ូតូ ។

ដោយឃើញបែបនេះ កម្លាំងសមត្ថកិច្ចល្បាត ក៏ចុះសួរនាំទៅលើកបុរស ដែលស្លៀកពាក់ឯកសណ្ឋាន ជាមន្ត្រីកងរាជអាវុធហត្ថនោះថា មានរឿងអ្វីកើតឡើង ហើយបុរសដែលពាក់ឯកសណ្ឋាន ជាមន្ត្រីកងរាជអាវុធហត្ថនោះ បានឆ្លើយប្រាប់សមត្ថកិច្ច ថាគេជាមន្ត្រីកងរាជអាវុធហត្ថ ខណ្ឌទួលគោក សូមឲ្យសមត្ថកិច្ចជួយគេផង ព្រោះគេត្រូវក្មេងមួយក្រុមដេញវាយគេ ។

តែដោយមានការសង្ស័យ ព្រោះថា សមត្ថកិច្ចដូចមិនធ្លាប់ឃើញ និងស្គាល់បុរសនេះ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនគេតែម្តង ។ បន្ទាប់ពីឃាត់បុរសលើនេះ យកមកសួរនាំនៅនរគបាលប៉ុស្តិ៍ផ្សារដើមគរហើយ សមត្ថកិច្ចបានទំនាក់ទំនងទៅខាង មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីចុះមកមើលថា គេជាមន្ត្រីកងរាជអាវុធហត្ថមែន ឬក៏មិនមែន ។

ក្រោយកម្លាំងរាជអាវុធហត្ថខណ្ឌទួលគោក ចុះមកត្រួតពិនិត្យមើលបុរស ដែលត្រូវឃាត់ខ្លួននេះ មិនមែនជាមន្រ្តីរាជអាវុធហត្ថ របស់គាត់ឡើយ ។ ជាក់ស្ដែងជនសង្ស័យ ដែលត្រូវឃាត់បានឆ្លើយមុខសមត្ថកិច្ចថា គេមិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ គឺគ្រាន់តែក្លែងបន្លំឯកសណ្ឋាន ជាមន្ត្រីកងរាជអាវុធហត្ថប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងរាជអាវុធហត្ថ ខណ្ឌទួលគោក ឃាត់ខ្លួនរួមទាំងម៉ូតូ Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង យកទៅមូលដ្ថានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕