(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សហភាពការងារកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅមុខក្រុមហ៊ុនកាពីតូល បង្កជាហិង្សា​ឈានដល់មានកម្មករ និយោជិតរងរបួសធ្ងន់ និងស្រាល៥នាក់។ ការតវ៉ានៅខាងមុខក្រុមហ៊ុនកាពីតូលគឺជាការតវ៉ា ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ដែលក្រុមហ៊ុនបាន​បញ្ឈប់ពីការងារកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥។ 

សហភាពការងារកម្ពុជាបានថ្កោលទោសក្រុមបង្កហេតុ មួយក្រុមដែលសង្ស័យថា ដឹកនាំដោយក្រុមហ៊ុនកាពីតូល បានវាយឲ្យកម្មករនិយោជិតជាច្រើននាក់ ដែលកំពុងធ្វើកូដកម្មប្រឆាំង​ក្រុមហ៊ុនកាលពីតូលរងរបួស។

សេចក្តីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា​ ការវាយប្រហារលើកម្មករនិកយោជិតធ្វើឲ្យរងរបួសធ្ងន់ និងស្រាល៥នាក់ ជាទង្វើមួយមិនអាច​ទទួលយកបាន​នោះទេ។ លើសពីនេះទៅទៀត នៅពេលក្រុមជនល្មើស កំពុងប្រព្រឹត្តសកម្មភាព នៅទីសាធារណៈ អាជ្ញាធរ ប៉ូលិស បែរជាឈរមើលទៅវិញ។ សហភាពការងារកម្ពុជា​បានបញ្ជាក់នៅ​ក្នុងសេចក្តីថ្លែង​ការណ៍ថា នឹងបន្តជួយដោះស្រាយបញ្ហាជូនសមាជិកនៅក្នុងក្រុមហ៊ុន កាពីតូលដល់ទីបញ្ចប់។

បើគ្មានការដោះស្រាយអំពើហិង្សានេះទេ សហភាពការងារកម្ពុជា នឹងធ្វើបាតកម្មទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហ៊ុន កាលពីតូល និងអាជ្ញាធរនៅថ្ងៃខាងមុខ។ កម្មករ និយោជិតសូមអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា ក្រុមហ៊ុនកាពីតូល បានរំលោភច្បាប់ស្តីពីការងារជាង១០ឆ្នាំមកហើយ ពេលកម្មករនិយោជិកបង្កើតសហជីព ដើម្បីលើកកំពស់លក្ខខណ្ឌការងាររបស់ពួកគេ ក្រុមហ៊ុនក៏បានបញ្ឈប់ថ្នាក់ដឹកនាំ សហជីពទាំងអស់ដោយយកលេសថា កាត់បន្ថយបុគ្គលិក។

សហភាពការងារកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលក្រុមអាជ្ញាធរដែនដី នៅកន្លែងកើតហេតុ សូមឲ្យអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយក៏បានស្នើរឲ្យតុលាការចោទ​ប្រកាន់ក្រុមជន​ល្មើស និងបក្សពួក យកមកដាក់ទោសតាមច្បាប់ ព្រមទាំងសងជំងឺចិត្តដល់កម្មករ រងគ្រោះផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ អតីត​អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល ៥០​នាក់  បាននាំគ្នា តវ៉ា​ខាង​មុខ​ក្រុមហ៊ុន​ជិត​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ​ទៀតទាមទារឲ្យ ក្រុមហ៊ុន​កាពីតូល ព្រម​ចរចា និង​យក​ពួក​គាត់​ចូល​ធ្វើ​ការ​វិញ៕