(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជាសាធារណៈ ក្នុងពិធីប្រគល់ពានរង្វាន់ប្រឡង​ចម្រៀងប្រពៃណីជាតិ «មរតកវប្បធម៌ខ្មែរ» នៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះថា នឹងផ្ដល់ប្រាក់រង្វាន់ដល់ក្រុមគ្រួសារត្រកូល​ខាត់ ដែលមានតារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជន​ស្គាល់ច្បាស់ជាងគេ ចំនួន៥ លានរៀល ជាការលើកទឹកចិត្ត ដល់ក្រុមរបស់គ្រួសារតារាចម្រៀងរូបនេះ ក្នុងន័យជួយថែរក្សា​ប្រពៃណីវប្បធម៌ខ្មែរ ជាពិសេសភ្លេងប្រពៃណីខ្មែរ បានយ៉ាងល្អ ។  

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ កម្មវិធីប្រឡងចម្រៀង ប្រពៃណី  «មរតកវប្បធម៌ខ្មែរ» ដែលរៀបចំឡើងដោយស្ថានីយទូរស្សន៍បាយ័ន បានប្រារព្ធពិធីប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ។

ជាមួយគ្នានេះ គណកម្មការផ្ដល់ពិន្ទុក្នុងកម្មវិធីប្រឡងចម្រៀងប្រពៃណីជាតិ «មរតកវប្បធម៌ខ្មែរ» ចំនួន៦នាក់ ក៏ត្រូវបានសម្ដេចតេជោ ផ្ដល់រង្វាន់ទឹកប្រាក់ចំនួន៥លានរៀល​ ក្នុងម្នាក់ៗ ។

ដោយឡែកសម្រាប់អ្នកទទួលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២០លានរៀល ពាន១ ម៉ូតូ១គ្រឿង ,ជ័យលាភីលេខ២ ទទួលបានប្រាក់១៥ លានរៀល ពាន១ទូរទស្សន៍១គ្រឿង និងលេខ៣ទទួលបានប្រាក់១០ លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត ផ្ដល់ជូនដល់អ្នកជាប់ជ័យលាភី ជាតារាកិត្តិយសផងដែរ៕