(បាត់ដំបង)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង (អតីតសាខាកាំកុងត្រូល) នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅលើទីផ្សារ នៅក្រុងបាត់ដំបង។

ក្នុងនោះ បានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ គុយទាវ សរសៃ (តូច-ធំ) មីលឿង ប្រហិតសាច់គោ សាច់ក្រកជ្រូក ជ្រក់ទំពាំង ជ្រក់ត្រសក់ និងបានត្រួតពិនិត្យទំនិញ ដាក់តាំងលក់ ក្នុងផ្សារពុំមានឃើញសារធាតុគីមីនោះទេ។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំបាត់ដំបង បានថ្លែងថា ក្រុមការងារចុះត្រួតពិនិត្យ ជាលទ្ធផលពុំមានអ្វីទេ ដោយសារតែអាជីវករទាំងអស់ បានយល់កាន់តែច្បាស់ជាមុន ពីផលប៉ះពាល់សុខភាព ទាំងអ្នកលក់ និងអ្នកទិញ។

លោកប្រធានសាខា បានអំពាវនាវ ក្នុងការចុះត្រួតពិនិត្យនេះ បានធ្វើការណែនាំដល់អាជីវករលក់ដូរ នៅតាមផ្សារទូទៅទាំងអស់ រាល់ការលក់ទំនិញគ្រឿង ឧបភោគ បរិភោគហូបចុកប្រចាំថ្ងៃ សូមកុំលួចដាក់សាធាតុគីមី ព្រោះវា នាំឲ្យខូចសុខភាពយើងទាំងអស់គ្នា ហើយមន្រ្តីជំនាញ បានធ្វើការផ្សព្វផ្សារអប់រំសុខភាព តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕