(ក្រចេះ)៖ ឧប្បត្តិហេតុបង្កដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ បង្កដោយផ្ទុះអាវុធកែច្នៃ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅភូមិកោះច្បារ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ តេង សុគុណ ហៅជ្រឹម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។

មូលហេតុជនរងគ្រោះមកពីព្រៃ ឡើងដេកលើផ្ទះ ហើយដេកកាន់កាំភ្លើងកែច្នៃ (ឈ្នុកដូង) ហើយនៅលើផ្ទះមានម្ដាយ និងប្អូនប្រុសជនរងគ្រោះ អាយុ៤ឆ្នាំ នៅចង្ក្រានបាយ។

មួយសន្ទុះក្រោយមក ក៏លីសំឡេងផ្ទុះកាំភ្លើង ពេលនោះម្ដាយរបស់ជនរងគ្រោះ រត់ចេញពីចង្រ្កានបាយមកមើល ហើយក៏ឃើញជនរងគ្រោះដេកស្លាប់ ដោយមានស្នាមគ្រាប់កាំភ្លើង ត្រូវចំដើមទ្រូងខាងឆ្វេង។

យោងតាមរបាយការណ៍ បញ្ជាក់បន្ថែមទៀតថា ក្រោយពីមានរឿងហេតុកើតឡើង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងកម្លាំងប៉ុស្ដិ៍នគរបាលកោះខ្ញែ បានចុះទៅកន្លែងកើតហេតុ ប្រម៉ែប្រមូលព័ត៌មានជុំវិញរឿងហេតុខាងលើ និងធ្វើការពិនិត្យសាកសព។

ក្រោយពីពិនិត្យសាកសព នគរបាលសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារអាវុធកែច្នៃ ត្រូវចំដើមទ្រូងខាងឆ្វេងពិតប្រាកដមែន ហើយនគរបាល ក៏បានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕