(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សម័យតេជោសែន ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្នុងប្រទេស និងក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែង នៅក្នុងប្រទេសដោយមិនចាំបាច់ត្រឡប់ថយក៏បាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈ ប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សា បច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីមើលចំណុចខ្វះខាត ដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ធ្វើការកែសម្រួល បំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក សំដៅធ្វើឱ្យផ្លូវនេះមាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវមេប្រវែង ៨៦.៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ទោះបីមានបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលយ៉ាងណាក្ដី សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅតែមានដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃគ្រឿងក្រុមមានភាពយឺតយ៉ាវ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ មានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយទៀតថា ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិ ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ។

នៅក្នុងឱកាសនោះដែរក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ១១នេះ ក៏បានសន្យាជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជួយពង្រីកផ្លូវនៅរង្វង់មូលស្វាយអន្ទរ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឱ្យបានកាន់តែធំ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ដោយមិនគិតថ្លៃផងដែរ៕