(ភ្នំពេញ)៖ យោងតាមរបាយការណ៍ក្រុមហ៊ុន SCG បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២០ ក្រុមហ៊ុន SCG ប្រចាំកម្ពុជា មានទ្រព្យសរុបតម្លៃ១,៥១៨ប៊ីលានរៀល (៣៧៣លានដុល្លារអាមេរិក) កើនឡើង៥% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០១៩។ សម្រាប់ត្រីមាសទី១ឆ្នាំ២០២០ SCG នៅកម្ពុជា សម្រេចបានចំណូលពី ការលក់ចំនួន២៧២ប៊ីលានរៀល (៦៧លានដុល្លារអាមេរិក) កើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ចំណូលពីការលក់នេះ រួមបញ្ចូលទាំងការលក់ពី អាជីវកម្មផលិតស៊ីម៉ងត៍ផង និងពីអាជីវកម្មលក់គ្រឿងសំណង់ផង។

ក្នុងគោលដៅធានាប្រតិបត្តិការ និងផលិតកម្មរបស់ក្រុមហ៊ុន ក្នុងអំឡុងពេល នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុន SCG បានដាក់ឲ្យអនុវត្តផែនការ គ្រប់គ្រងនិរន្តរភាពអាជីវកម្មគ្រប់ជ្រុងជ្រោយ។ ជាងនេះទៀតដោយចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាអាទិភាពសំខាន់បំផុតរបស់ខ្លួន នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ អេសស៊ីជីបានអនុវត្តការរក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយដល់បុគ្គលិករបស់ខ្លួន ខណៈដែលពួកគេធ្វើការពីផ្ទះ។

ជាមួយគ្នានេះ SCG ក៏បានបរិច្ចាគបរិក្ខារ និងសម្ភារពេទ្យដូចជា ទឹកអនាម័យលាងសំម្លាប់មេរោគ, ម៉ាស និងប្រអប់សុវត្ថិភាពពេទ្យ ដល់ក្រសួងសុខាភិបាលកម្ពុជា កម្មករសំណង់ អ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី, នគរបាល, អាជីវករ, អ្នកចែកចាយ, មេការសំណង់ និងប្រជាជនផងដែរ។

លោក Roongrote បានថ្លែងបញ្ជាក់ថា «នៅក្នុងបរិយាកាសនេះ សេដ្ឋកិច្ចពិភពលោក កំពុងរងផលប៉ះពាល់ពី ការឆ្លងរាលដាលនៃវីរុសកូវីដ១៩។ ក្រុមហ៊ុន អេសស៊ីជី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងឡាយ ដែលបានផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការរក្សាលំនឹង លទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី១ ឆ្នាំ២០២០ ឲ្យសម្រេចបានប្រហាក់ប្រហែលគ្នា នឹងត្រីមាសមុននេះដែរ បើទោះបីជាមានផលប៉ះពាល់នៃ វីរុសកូវីដ១៩មកលើអាជីវកម្មនានា បានកើតឡើងនៅក្នុងខែមីនាក្ដី»។

លោកបានបន្ដថា ទន្ទឹមនេះ SCG ក៏ផ្តោតលើការជួយសង្គម ដៃគូ បុគ្គលិក និងក្រុមហ៊ុននានា ដើម្បីឆ្លងកាត់ពេលវេលាលំបាកទាំងនេះជាច្រើនផងដែរ។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តរឹងមាំ ក្នុងការចាត់វិធានការសកម្មមុន ដើម្បីរក្សានិរន្តរភាពអាជីវកម្ម ដោយដាក់ចេញនូវផែនការ គ្រប់គ្រងនិរន្តរភាពអាជីវកម្មដ៏រឹងមាំ រួមជាមួយនឹងផែនការឆ្លើយតបនឹងការរំខាន ដោយមានការត្រៀមលក្ខណៈជាមុន គ្រប់ជ្រុងជ្រោយ និងការគោរពខ្ជាប់ខ្ជួនតាមវិធានការសុខភាព និងសុវត្ថិភាពរបស់រដ្ឋាភិបាល។

លោកបានបន្ថែម ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយដល់៩០%នៃបុគ្គលិកទាំងអស់របស់ខ្លួន ដើម្បីពួកគេអាចធ្វើការពីផ្ទះមកបាន និងជួយសម្រួលដល់ការគ្រប់គ្រង ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាការផ្ដល់ផលិតផល សេវាកម្ម និងដំណោះស្រាយ ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ក្រុមហ៊ុនក៏ខិតខំស្វែងរកឱកាសថ្មីៗ ដើម្បីបម្រើដល់តម្រូវការដែលប្រែប្រួលតួយ៉ាង ការងាកទៅរកការលក់តាមអនឡាញ ឬការជំរុញការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ការងារលទ្ធកម្ម ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់ជាមួយដៃគូជាដើម។ លើសពីនេះទៀតក្រុមហ៊ុន បន្តរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងត្រៀមលក្ខណៈរួចរាល់ ដើម្បីដោះស្រាយភាពប្រឈមនានា ប្រសិនបើស្ថានភាពនៅអូសបន្លាយពេលយូរ។

អាជីវកម្មស៊ីម៉ងត៍ សម្ភារៈសំណង់ ពន្លឿនការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអនឡាញ សម្រាប់ការលក់រាយដោយពង្រឹង និងកែលម្អសមត្ថភាពលក់យ៉ាងសកម្ម និងគ្រប់មធ្យោបាយ ដូចជាគេហទំព័រ កម្មវីធី App និងបណ្ដាញព័ត៌មានសង្គម ព្រមទាំងផ្ដល់ការដឹកជញ្ជូនដល់ផ្ទះ នៅទូទាំងប្រទេស បន្ថែមពីលើការផ្ដល់សេវាកម្មពិគ្រោះយោបល់អំពីផ្ទះតាមអនឡាញផងដែរ។

ជាមួយនឹងកម្មវិធីលក់តាមអនឡាញ អតិថិជនអាចស្វែងរកមើលផលិតផល និងទទួលសេវាកម្ម ដោយមិនចាំបាច់ចេញ ពីផ្ទះរបស់ខ្លួនឡើយ។ ជាលទ្ធផលការលក់តាមអនឡាញ បានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងត្រីមាសមុននេះ ហើយអតិថិជនក៏ទទួលបានផ្ដាច់មុខ នូវការដំឡើងផលិតផលសេវាកម្មផ្សេងៗ និងការដឹកជញ្ជូន ដែលធានាបាននូវសុវត្ថិភាព និងអនាម័យពីក្រុមហ៊ុន។

ជាងនេះទៅទៀតសេវាផ្នែកឡូជីស្ទីក SCG ក៏បានដាក់ចេញវិធានការម៉ឺងម៉ាត់ជាច្រើន ដោយរាប់តាំងពីការប្រគល់ទំនិញ ការរៀបចំទុកដាក់ក្នុងឃ្លាំង រហូតដល់ការការប្រគល់ផលិតផល ដើម្បីធានាសុវត្ថិភាព រួមជាមួយនឹងសេវាបន្ថែមនៃ ការដឹកជញ្ជូនទំនិញឧបភោគបរិភោគស្រស់ៗដូចជា បន្លែ និងផ្លែឈើជាដើម ដែលកំពុងមានតម្រូវការខ្ពស់។ ក្រុមហ៊ុនក៏ចែករំលែកចំណេះដឹង និងការអនុវត្តល្អៗ ដើម្បីកាត់បន្ថយហានិភ័យនៃ ការឆ្លងជំងឺកូវីដ១៩ដល់ដៃគូរបស់ខ្លួន នៅក្នុងវិស័យសំណង់រាប់ទាំង អ្នកអភិវឌ្ឍគម្រោង មេការសំណង់ អ្នកបច្ចេកទេស និងអ្នកចែកចាយ ដើម្បីជួយដល់គ្រប់ភាគីទាំងអស់ ឲ្យមានលទ្ធភាពជម្នះវិបត្តិនេះទាំងអស់គ្នា។

លោក Roongrote បានបង្ហាញឲ្យដឹងដែរថា ចំពោះប្រទេសថៃលទ្ធផលប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ កត់ត្រាចំណូលពីការលក់សរុប បាន១៣,៧៣៨ប៊ីលានរៀល ស្មើរនឹង ៣,៣៧៩លានដុល្លារអាមេរិក ធ្លាក់ចុះ៦%ធៀបនឹងត្រីមាសទី១ក្នុងឆ្នាំ២០១៩។ កត្តាដែលនាំឲ្យមានការថមថយចំណូល គឺបណ្ដាលមកពីតម្រូវការសាកលថយចុះ និងតម្លៃផលិតផលគីមីធ្លាក់ចុះ៕