(ភ្នំពេញ)៖ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានអះអាងថា លោកត្រៀមដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ លើមេធាវីបរទេសមួយចំនួន ដែលប្រកប​វិជ្ជាជីវៈខុស​ច្បាប់នៅកម្ពុជា។

ការព្រមានរបស់ប្រធានគណៈមេធាវី នាពេលនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីថ្លែងសុន្ទកថាបើកសិក្ខាសាលាស្តី «ការទទួលខុសត្រូវរបស់មេធាវី» សហការរៀបចំដោយគណៈមេធាវី និង សមាគមការពារគ្មានព្រំដែន»

លោក ប៊ុន ហុន ថ្លែងថា យ៉ាងយូររយៈពេល២ខែទៀត ប្រសិនបើមេធាវីបរទេសទាំងនោះ មិនព្រមមកចុះបញ្ជីនៅគណៈមេធាវីទេ លោកនឹងរៀបចំពាក្យបណ្តឹង ប្តឹងទៅតុលាការ ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់ ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ គណៈមេធាវី បានចេញសេចក្តីជូនដំណឹងមួយ ដោយបានរៀបរាប់ថា គណៈមេធាវីសង្កេតឃើញថា កន្លងមក មានជនខិលខូចមួយចំនួន​បានធ្វើការប្រកបវិជ្ជាជីវៈ​មេធាវីដោយមិនត្រឹមត្រូវតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ដោយអ្នកខ្លះជាជនជាតិខ្មែរ និង អ្នកខ្លះជាជនជាតិបរទេស ហើយខ្លះមិនមែនជាមេធាវី ហើយខ្លះទៀតជាមេធាវីដែលគ្មានសិទ្ធិប្រកបវិជ្ជាជីវៈ ។

សេចក្តីជូនដំណឹង បន្តថា សកម្មភាពរំលោភច្បាប់ទាំងនេះបណ្តាលឲ្យមានខូចខាត ដល់ផលប្រយោជន៍ស្របច្បាប់របស់សាធារណជន និង ធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិជ្ជាជីវៈ មេធាវី និង ការអនុវត្តច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការប្រកបវិជ្ជាជីវៈមេធាវីក្រៅក្រប ខណ្ឌគណៈមេធាវី ផ្ទុយនឹងច្បាប់ជាធរមាន គឺជាការបង្កឲ្យមានអសន្តិសុខសេវាកម្មច្បាប់ ប៉ះពាល់ការពង្រឹងយុត្តិធម៌សង្គមនិងនីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ។

គណៈមេធាវី បានណែនាំឲ្យសាធារណជន ក្នុងករណីមានមន្ទិលសង្ស័យលើជន ណាម្នាក់ថាជាមេធាវីឬមិនមែនជាមេធាវី ឬ ទៅលើសមត្ថភាពប្រកបវិជ្ជាជីវៈមេធាវី របស់ជននោះ លោកអ្នកអាចស្នើសុំពិនិត្យវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី និង វិញ្ញាបនបត្រចុះបញ្ជី ការិយាល័យមេធាវីរបស់ជននោះ និង ពិនិត្យមើលថា តើវិញ្ញាបនបត្រទាំងនោះ ជាវិញ្ញាបនបត្រ នៅមានសុពលភាពដែរឬទេ ? ។ ម្យ៉ាងវិញទៀត លោកអ្នកអាចផ្ទៀងផ្ទាត់ អត្តសញ្ញាណរបស់មេធាវី នៅក្នុងសៀវភៅគណៈមេធាវី ឬ លើគេហទំព័ររបស់គណៈមេធាវី http://www.bakc.org.kh/km/ ឬតាមរយៈកម្មវិធី “ Lawyers Directory “ នៅលើទូរស័ព្ទស្មាតហ្វូន ឬ តាមរយៈលេខទូរស័ព្ទ ០២៣ ៨៤៦ ០៧៨ ឬ អ៊ីម៉ែល info@bakc.org.kh