(ភ្នំពេញ)៖ លោក វ៉ង អ៊ី ប្រធានក្រុមសង្គ្រោះប្រចាំខេត្ត គួយចូវ របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ ប្រទេសចិន បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ជាកណ្យាណមិត្តជួយគ្នាក្នុងគ្រាក្រ យើងស្ម័គ្រចិត្តប្រកបដោយឆន្ទៈក្នុងការប្រើប្រាស់នូវអាជីព បទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជសកលនៅកម្ពុជា នៃជំងឺ COVID-19។

ការបញ្ជាក់ជំហរយ៉ាងច្បាស់បែបនេះរបស់លោក វ៉ង អ៊ី បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែល លោករួមជាមួយក្រុមការងារ បានប្រគល់នូវម៉ាស៊ីនបំភាយឧស្ម័ន ២០០ គ្រឿង, ម៉ាស់វេជ្ជសាស្រ្ដ ២៨០,០០០បន្ទះ, សម្លៀកបំពាក់ការងារ (មិនមែនសម្រាប់វិស័យវេជ្ជសាស្រ្ដ) ៩០០ សម្រាប់ ដែលចំណាយថវិកាអស់ ១,២៨៨,០០០យ័ន ស្មើនឹង ១៨,៤០០០ដុល្លារ ដល់វេទិការសម្ព័ន្ធសង្គមស៊ីវិល កម្ពុជា ក្រោមវត្តមានលោក កឹមរដ្ឋ វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក វ៉ង អ៊ី បានបញ្ជាក់ជំហរយ៉ាងដូច្នេះថា៖ «កណ្យាណមិត្តជួយគ្នាក្នុងគ្រាក្រ យើងខ្ញុំស្ម័គ្រប្រកបដោយឆន្ទៈក្នុងការប្រើប្រាស់នូវអាជីព និងបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៅកម្ពុជានៃជំងឺ COVID-19 [...] យើងបានចែករំលែកបទពិសោធន៍យ៉ាងទូលំទូលាយពីវិធីបង្ការ និងការទប់ស្កាត់ជំងឺរាតត្បាតជាមួយក្រុមការងាររបស់កម្ពុជា ដែលនេះជាការចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជា តាមលទ្ធភាព និងសមត្ថភាពរបស់ក្រុមយើង»

លោកបានឱ្យដឹងថា ចាប់តាំងពីប្រទេសកម្ពុជា មានផ្ទុះវីរុស COVID-19 ក្រុមសង្គ្រោះមេឃពណ៌ខៀវ ប្រទេសចិន បានតាមដានយ៉ាង យកចិត្តទុកដាក់ ពីស្ថានភាពនៃជំងឺនេះនៅកម្ពុជា ដែលជាមិត្តភក្តិដែកថែប។ ជាក់ស្តែងនៅខែមីនា ឆ្នាំ២០២០ ក្រុមសង្គ្រោះមេឃពណ៌ខៀវ បានផែនការយ៉ាងច្បាស់លាស់ ដើម្បីចូលមកប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មនេះ ហើយនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានមកដល់កម្ពុជា ព្រមទាំងនៅថ្ងៃទី៣០ ខែមេសា ក្រុមរបស់លោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខែតាកែវ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល មជ្ឈមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ ផ្សារ បន្ទាយយោធា និងស្ថាប័នរដ្ឋ សរុបជាង២០ទីតាំង។

លោក កឹមរដ្ឋ វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងយ៉ាងដូច្នេះថា៖ «បេសកកម្មរបស់ក្រុម Blue Sky Rescue Organization–BSR) គឺឆ្លុះបញ្ចាំងអំពីការចូលរួចចំណែកដ៏ស្មោះអស់ពីដួងចិត្ត របស់អង្គការសង្គមស៊ីវិលចិន ក៏ដូចជាប្រជាជនចិន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅកម្ពុជា គឺការចូលរួមរំលែកទុក្ខលំបាក ក្នុងនាមជាមិត្តភក្តិដែកថែប»
លោក កឹមរដ្ឋ វិសិដ្ឋ បានថ្លែងថា បេសកកម្មនេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការរិតបន្តិចចំណងមិត្តភាព ទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាចំណងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសកម្ពុជា-ចិន។

លោក កឹមរដ្ឋ វិសិដ្ឋ បានបន្តថា តាមរយៈការចូលរួមបំពេញបេសកកម្មនេះ គឺឆ្លុះបញ្ចាំងពីការចូលរួមទទួលខុសត្រូវនឹងការចែករំលែកបទពិសោធន៍ ក្នុងកម្រិតអន្តរជាតិ ជាពិសេសនៅតាដងផ្លូវសូត្រដែលជាគំនិតផ្តួចផ្តើមមួយក្នុងការកសាងសហគមន៍នៅតាមដងផ្លូវសូត្រ ហើយបេសកកម្មនេះនឹងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលុបបំបាត់ ការទប់ស្កាត់ជំងឺ COVID-19 នៅកម្ពុជា ផងដែរ។

បន្ថែមពីនេះ លោក កឹមរដ្ឋ វិសិដ្ឋ បានបញ្ជាក់ថា ការបំពេញបេសកកម្មរបស់ ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ នៅកម្ពុជា រយៈពេល១៥ថ្ងៃ គឺជាការចែករំលែកបទពិសោធន៍ របស់មិត្តចិន ដែលធ្លាប់ពើបប្រទះ នឹងជំងឺដ៏កាចសាហាវនេះ មុនគេបង្អស់ ព្រមទាំងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ និងការព្យាបាលជំងឺនេះ រហូតមានស្ថានភាពធូរស្រាលជាខ្លាំងផងដែរ។

គួរជម្រាបថា ក្រុមសង្គ្រោះមេឃពណ៌ខៀវ របស់អង្គការសង្គមស៊ីវិលចិន នឹងចុះបាញ់ថ្នាំកម្ចាត់វីរុស នៅតាមតំបន់ដែលមានផ្ទុះវីរុស COVID-19 បណ្តារាជធានី-ខេត្តទាំង១១រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់៕