(កូឡាឡាំព័រ)៖ ក្រុមស៊ើបការណ៍សម្ងាត់ របស់ម៉ាឡេស៊ី បានបង្ហើបឲ្យដឹងថា មានក្មេងៗ​ប្រមាណជា៨នាក់ កំពុងត្រូវបាន បណ្ដុះបណ្ដាល ឲ្យក្លាយទៅជាសកម្មប្រយុទ្ធ របស់ក្រុមឧទ្ទាម IS នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ចេញផ្សាយ និងត្រូវបានដកស្រង់ ផ្សាយបន្ដដោយ​សារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមករា។

នៅក្នុងព័ត៌មានដែលទទួលបានពីក្រុមស៊ើបការណ៍សម្ងាត់ បានឲ្យដឹងថា ក្មេងៗទាំងនោះ​ត្រូវបាន ឪពុកម្ដាយរបស់គេជាអ្នកបញ្ជូន ទៅកាន់ ជំរំរបស់ក្រុម IS​ ដោយផ្ទាល់ ដើម្បីឲ្យក្លាយ​ទៅ​ជា​សកម្មប្រយុទ្ធ IS។

លោក Mohamad Fuzi Harun មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិ​ម៉ាឡេស៊ី ៤៧នាក់បានចូលរួមជាមួយក្រុម IS ដោយក្នុងនោះមានស្ត្រី ១២នាក់ ដោយពួកគេ​បានចាកចេញពីប្រទេសទៅកាន់អ៊ីរ៉ាក់ និង​ស៊ីរី។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន មានវីដេអូមួយបានបង្ហាញថា ក្រុម IS កំពុងបណ្ដុះបណ្ដាល​ សកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងព្រៃ នៃប្រទេសម៉ាឡេស៊ី ប៉ុន្តែព័ត៌មាននេះ ត្រូវបាន​រដ្ឋាភិបាល​​ម៉ាឡេស៊ីច្រានចោល៕