(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា ក្នុងរយៈពេលនាំការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកប៉ុន្មានថ្ងៃមកនេះ នៅតែមានអ្នកគគ្លើនបំពាននឹងការអនុវត្តនេះ រហូតមានអ្នកខ្លះបង្ហោះសាររិះគន់ ឬព័ត៌មានចាស់ៗមកបំភ្លៃសាធារណជន ឱ្យយល់ច្រឡំចំពោះសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

លោកឧត្តមសេនីយ៍ឯក បានបង្ហាញការកត់ស្គាល់ឃើញថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកធ្វើដំណើរលើដងផ្លូវទូទាំងប្រទេស ហាក់បង្ហាញនូវមនសិកា ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ប្រកបដោយការគោរពច្បាប់ ស្ដាប់តាមការណែនាំរបស់មន្ត្រីសមត្ថកិច្ច និងគាំទ្រចំពោះចំណាត់ការរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

ប៉ុន្តែនៅតែមានអ្នកមួយចំនួនតូច ដែលបានបំពានទៅនឹងការប្រកាសអប់រំណែនាំរបស់កម្លាំងសមត្ថកិច្ច ក៏ដូចជាមិនចង់ឱ្យផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានោះ មន្ត្រីសមត្ថកិច្ចក៏ទទួលរងនូវការទិះទៀនមួយចំនួន ពីសាធារណមតិ និងបណ្ដាញសង្គមនានា ចំពោះអត្តចរិតសីលធម៌ ពាក្យសម្ដី និងការបំពេញតួនាទីរបស់មន្ត្រីអនុវត្តច្បាប់ ក៏ដូចជាការខុសឆ្គងចេញពីការអត្តនោម័ត របស់មន្ត្រីមួយចំនួនតូចនោះ ហើយក៏មានសកម្មភាពខ្លះ បានធ្វើជ្រុលហួលពីគោលការណ៍ណែនាំ ប៉ុន្តែទោះយ៉ាងក៏មិនមានជាបញ្ហាធំដុំគួរកត់ស្គាល់នោះឡើយ។

លើសពីនេះ ក៏នៅតែមានការបង្ហោះសារមួយចំនួន នៅលើបណ្ដាញសង្គម ជាមួយនឹងការសង្ស័យថា ប្រហែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះយកព័ត៌មានចាស់ៗមកបង្ហោះបំភ្លើសបំភ្លៃឡើងវិញនាកំលុងពេលនេះ ជាហេតុបង្កឱ្យមានការយល់ច្រឡំទៅដល់សាធារណជន។ ចំណុចនេះ មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏កំពុងយកចិត្តស្រាវជ្រាវរកឱ្យឃើញការពិតផងដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញវិធានការបន្ថែម ក្នុងការអប់រំណែនាំដល់កងកម្លាំងអនុវត្តច្បាប់នៅលើដងផ្លូវ ឱ្យកែសម្រួលពត់តម្រង់កំហុសឆ្គងរបស់ខ្លួន ដូចជា របៀបរបបនៃការផាកពិន័យ សីលធម៌វិន័យ អាប្បកិរិយា និងបញ្ជាទៅការស្នងការដ្ឋាននគរបាលគ្រប់រាជធានី-ខេត្តទាំងអស់ ដើម្បីផ្សព្វផ្សាយអប់រំបន្តដល់កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ ដែលចំណុះក្រោមសមត្ថកិច្ចរបស់ខ្លួន។

លោកបន្តទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានកែសម្រួលរបៀបរបបនៃការផាកពិន័យពីការបង់ផាកពិន័យនៅនឹងកន្លែង មកត្រឹមការចេញតែវិក្កយបត្រជូនម្ចាស់យានយន្តនៅនឹងកន្លែងប៉ុណ្ណោះ ចំពោះកាតព្វកិច្ចនៃការបង់ផាកពិន័យ ម្ចាស់យានយន្តត្រូវអញ្ជើញទៅបង់ដោយផ្ទាល់នៅទីស្នាក់ការនគរបាល ដែលបានកំណត់តាមក្រុង-ស្រុក-ខណ្ឌ ឬតាមតំបន់នីមួយៗ។

សូមបញ្ជាក់ថា រយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ២,៦៧១គ្រឿង ក្នុងនោះមានម៉ូតូ ១,៩៨៣គ្រឿង និងរថយន្ត ៦៨៨គ្រឿង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់ បើកបញ្ជ្រាសទិសចរាចរណ៍ និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកបរលើសល្បឿន ផ្ទុកលើសចំណុះ ល្មើសភ្លើងសញ្ញា និងអត់បណ្ណបើកបរជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៣ថ្ងៃ (ថ្ងៃទី០១-០៣ ខែឧសភា) មានចំនួន ៧,៩០២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦,០៨៥គ្រឿង និងរថយន្ត ១,៨១៧គ្រឿង៕