(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា William A.Heidt បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាបានរីកចម្រើន និង មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ហើយការអភិវឌ្ឍរបស់កម្ពុជា ក៏មានការចូលរួមចំណែកពីសហរដ្ឋអាមេរិកផងដែរ។

លោក William A. Heidt បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

យោងតាមអ្នកនាំពាក្យ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបសម្តែងការគួរសមនេះ លោក William A. Heidt បានកោតសរសើរនូវវឌ្ឍនភាពរបស់កម្ពុជា ប្រកបដោយវិជ្ជមាននៅក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ។ ការអភិវវឌ្ឍ និងវឌ្ឍនភាពនេះ ក៏មានការរួមចំណែកពីសហរដ្ឋអាមេរិក ផងដែរ តាមរយៈការផ្តល់ទីផ្សារសម្រាប់ផលិតផលសម្លៀកបំពាក់ វាយណភណ្ឌ និងផលិតផលផ្សេងៗទៀត ព្រមទាំងការផ្តល់ជំ នួយសម្រាប់វិស័យអប់រំ សុខាភិបាល យោធា និងមនុស្សធម៌។

បើតាមអ្នកនាំពាក្យក្រសួង បានដកស្រង់សម្តីរបស់លោក William A. Heidt មកបញ្ជាក់ថា ប្រជាពលរដ្ឋអាមេរិកជាច្រើនមិនទាន់ បានយល់ និង មិនទាន់បានដឹងពីការអភិវឌ្ឍរបស់កម្ពុជា។
លោកស្រី ម៉ែន សំអន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតនៅកម្ពុជា របស់លោក William A. Heidt ព្រមទាំង សន្យជួយជ្រោមជ្រែង លោក William A. Heidt ឲ្យបំពេញបេសកកម្មប្រកបដោយជោគជ័យ។

ក្នុងជំនួបនេះ លោកស្រី ម៉ែន សំអន បានលើកបង្ហាញពីការខិតខំធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាការបើកសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០១៦កន្លងទៅ ដែលកិច្ចប្រជុំនេះ បាន នាំមកនូវប្រយោជន៍ថ្មីៗជាច្រើន ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ៕