(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ស្ដ្រីខ្មែរម្នាក់ និងប្ដីជនជាតិនីហ្សេរីយ៉ា ដែលស្ទាត់ជំនាញបោកប្រាស់ប្រជាពលរដ្ឋ យកលុយខ្ទង់ម៉ឺនដុល្លារ តាម Facebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេស ត្រូវបានលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមជម្រាបថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ខ្លួនកាលពីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រោយទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងនគរបាលជំនាញតាមបង្ក្រាបករណីនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនឆបោកទាំងពីរនាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះរួមមាន៖

*ទី១៖ ឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ)
*ទី២៖ ឈ្មោះ Longe Olaouwa Akindele ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុចផ្ទះជួលលេខ 65Eផ្លូវលេខ១៨ ក្រុម៦ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចាប់ខ្លួនពួកគេទាំង២នាក់ ក្រោមបទឆបោកប្រាក់ (ផ្ញើឥវ៉ាន់ពីប្រទេសក្រៅ) តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១២១ នឹងលេខ១២២ អ.យ.ក របស់លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

បើតាមលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ នៅតាមបណ្ដាញសង្គម Facebook ក្រោមរូបភាពធ្វើជាអ្នករាប់អានគ្នា ហើយដោយក្ដី ស្រលាញ់រូបគេ បន្លំធ្វើជាផ្ញើទំនិញមួយចំនួនមកឲ្យអ្នកនៅរាជធានីភ្នំពេញ។ ក្រោយមកបក្ខពួកផ្សេងទៀត បានបន្លំថា ធ្វើជាអ្នកដឹកជញ្ជូនទំនិញ ប៉ុន្ដែដើម្បីយកទំនិញបានតម្រូវឲ្យបង់ប្រាក់ជាមុន ចន្លោះពី៥០០ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារឯណោះ។

ក្រោយលួងលោមបានសម្រេចដោយឲ្យជនរងគ្រោះផ្ញើប្រាក់ទៅឲ្យនោះ រូបគេបានទៅដកប្រាក់នោះ ហើយផ្ដាច់ការទាក់ទងជាមួយជនរងគ្រោះតែម្ដង។ កន្លងមក មានជនរងគ្រោះមិនតិចនោះទេ ដែលធ្លាប់ចាញ់បោកជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ ដោយមានអ្នកខ្លះអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារក៏មាន។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ ក្រោយការចាប់ខ្លួន និងមានការអនុញ្ញាតពីលោក សេង ហៀង កម្លាំងចម្រុះបានធ្វើការឆែកឆេរ ផ្ទះជនសង្ស័យ និងដកហូតយកសម្ភារមួយចំនួន ព្រមទាំងបិទទ្វារផ្ទះជាបណ្ដោះអាសន្នផងដែរ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «ជនសង្ស័យបានធ្វើការងារឆបោកតាមរូបភាពនេះប្រហែលជិត ២ឆ្នាំ និងបានឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យខ្លួនបានសម្រេចប្រហែលជិត ២០នាក់ សរុបទឹកប្រាក់ ប្រហែល ៥ម៉ឺនដុល្លារអារមេរិក ចំពោះជនជាតិស្បែកខ្មៅដែលទំនាក់ទំនងឲ្យរូបនាងទៅដកប្រាក់ជំនួសនោះប្រហែល ១០នាក់(នៅក្រៅប្រទេស)»

លោកក៏បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀត ដែលធ្លាប់ចាញ់បោកគេក្រោមរូបភាពបែបនេះ មកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានជំនាញផងដែរ៕